Social Icons

គេង​ពី​ព្រលប់​អាច​កាត់បន្ថយ​អារម្មណ៍​អវិជ្ជមាន និង​ស្រេ្តស



ក្រុងញូវយ៉ក: មនុស្ស​ជាច្រើន​គេង​មិន​លក់​នៅពេល​យប់​ដោយ​អារម្មណ៍​វិលវល់ និង​តែងតែ​បារម្ភ​នេះ បារម្ភ​នោះ រួមទាំង​ការងារ និង​អាជីវកម្ម​នា​ពេល​អនាគត។ បច្ចុប្បន្ន អ្នក​ចិត្ដវិទ្យា​បាន​រកឃើញ​ដំណោះស្រាយ​ដ៏សាមញ្ញ និង​មិន​ចំណាយប្រាក់​ច្រើន​នោះ​គឺ ឆាប់​ចូល​គេង។

តាម​ការសិក្សា​ថ្មី​ពី​សាកលវិទ្យាល័យ ប៊ីងហាមតុន បាន​រកឃើញ​ថា អ្នក​ដែល​គេង​តិច និង​ចូល​គេង​យប់ជ្រៅ រមែង​កើត​មាន​អារម្មណ៍​អវិជ្ជមាន​ច្រើន​ជាង​អ្នក​ដែល​គេង​ត្រឹម​ម៉ោង​កំណត់​ទៀងទាត់​។

អ្នក​ចូលគេង​យប់ជ្រៅ ឬ​គេង​តិច​មាន​គំនិត​ទុទិ្ទដ្ឋិនិយម​ដែល​ទំនង​ជា​នឹក​ឃើញ​មក​វិញ​នៅពេល​យប់​ដែល​មិន​អាច​គ្រប់គ្រង​បាន​។ ពួកគេ​ក៏​ទំនង​ជា​ប្រភេទ​មនុស្ស​បារម្ភ​មិន​ចេះ​ឈប់ឈរ​នា​ពេល​អនាគត វិលវល់​ពី​រឿង​អតីត​ខ្លាំង​ដោយ​ជួប​តែ​បញ្ហា​ស្មុគស្មាញ​ក្នុង​អារម្មណ៍​មាន​អាការ​សន្ទះសា​ច្រើន និង​ឧស្សាហ៍​ធ្លាក់​ទឹកចិត្ដ​។

ក្រុម​អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​ថា កង្វះ​ដំណេក​ជា​ប្រចាំ​អាច​ឈាន​ទៅ​ដល់​ការ​វិវត្ដ​នៃ​សតិអារម្មណ៍​កាន់តែ​រ៉ាំរ៉ៃ​។

ដំណេក​តិច​ជាង​៧ ឬ​៨​ម៉ោង អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឡើង​ខ្លាញ់ ធ្លាក់​ទឹកចិត្ដ ហើយ​ក៏​អាច​ជួប​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា ជំងឺមហារីក ជំងឺបេះដូង ទឹកនោមផ្អែម​ប្រភេទ​២ ឡើង​ទម្ងន់​ផង​ដែរ ដោយសារ​តែ​វា​ប៉ះពាល់​ដល់​ប្រព័ន្ធ​ពេលវេលា​តាម​បែប​ជីវសាស្ត្រ​របស់​រាងកាយ៕ 

ប្រភព៖​ www.postkhmer.com

កុមារ​ញ៉ាំ​អាហារ​ទាន់​ចិត្ដ​ច្រើន​អាច​ធ្វើឲ្យ​ការ​សិក្សា​ចុះខ្សោយ

ក្រុងកូឡុំប៊ើស: អាហារ​ទាន់ចិត្ដ​(Fast Food)​ត្រូវ​បាន​ចាត់ទុក​ជា​ចំណី​ប៉ះពាល់​សុខភាព​ចាប់ពី​ការ​ធាត់​ហៀរ​ខ្លាញ់​រហូត​ដល់​ខូច​ស្បែក​។​បច្ចុប្បន្ន​នេះ ការសិក្សា​ថ្មី​មួយ​បាន​រកឃើញ​ថា វា​កាន់តែ​ជះឥទ្ធិពល​អាក្រក់​ដែល​ធ្វើឲ្យ​ថមថយ​ដល់​សមត្ថភាព​ខួរក្បាល​។

ការ​ស្រាវជ្រាវ​រកឃើញ​ថា កុមារ​ដែល​ញ៉ាំអាហារ​ទាន់ចិត្ដ​ច្រើន​បំផុត​ទំនង​ជា​មាន​ពិន្ទុ​គណិតវិទ្យា វិទ្យាសាស្ដ្រ និង​ការ​អាន​អក្សរ​ទាប។

ទ្រឹស្ដី​មួយ​បាន​ស្នើ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ថា កង្វះ​ជាតិដែក​នាំឲ្យ​បន្ថយ​ការ​វិវឌ្ឍ​នៃ​ដំណើរការ​ក្នុង​ខួរក្បាល។ គំនិត​មួយ​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា អាហារ​ដូចជា ហេមប៊ឺហ្គើរ ដំឡូងបារាំង និង​មាន់បំពង ជាដើម​នោះ​សម្បូរ​ជាតិ​ខ្លាញ់ និង​ស្ករ​មាន​ផលអវិជ្ជមាន​ទៅលើ​ដំណើរការ​នៃ​ការ​រៀនសូត្រ​។

ការ​ស្រាវជ្រាវ​បាន​ប្រើ​ទិន្នន័យ​មកពី​លទ្ធផល​នៃ​ការសិក្សា​លើ​កុមារ​៨៥០០​នាក់ នៅ​សហរដ្ឋ​អាមេរិក​ដែល​ញ៉ាំ​អាហារ​ទាន់​ចិត្ដ​ជា​ប្រចាំ​រហូត​ដល់​អាយុ​មុន​១០​ឆ្នាំ​។

ក្នុង​ន័យ​វិទ្យាសាស្ដ្រ កុមារ​ដែល​ញ៉ាំ​អាហារ​ទាន់ចិត្ត​រាល់​ថ្ងៃ ជា​មធ្យម​បាន​៧៩​ពិន្ទុ បើ​ធៀប​នឹង​៨៣​ពិន្ទុ​ចំពោះ​អ្នក​មិន​ធ្លាប់​ញ៉ាំ​អាហារ​ទាន់ចិត្ដ​។

អ្នកស្រី​វេជ្ជបណ្ឌិត ខេលលី ភើតេល (Dr Kelly Purtell) ដែល​បាន​ដឹកនាំ​ការសិក្សា​នៅ​សាកលវិទ្យាល័យ​រដ្ឋ​អូហាយ៉ូ បាន​និយាយ​ថា​៖ «​ការសិក្សា​បាន​ផ្ដល់​ភ័ស្ដុតាង​បញ្ជាក់​ថា ការ​ទទួល​ទាន​អាហារ​ទាន់ចិត្ដ​ក្រៅពី​ពាក់ព័ន្ធ​នឹង​ការ​ឡើង​ទម្ងន់ វា​ក៏​បង្ក​បញ្ហា​ប្រឈម​ផ្សេង​ទៀត​ដូចជា លទ្ធផល​ការ​សិក្សា​ខ្សោយ​»៕

ប្រភព៖ www.postkhmer.com

ការ​ញើសសំបោរ​ពី​រន្ធច្រមុះ​ទាំង​គូ​ព្រម​គ្នា​ប៉ះពាល់​ដល់​សុខភាព

ទីក្រុងឡុងដ៍: តើ​ពិបាក​ដកដង្ហើម ឬ​ក៏​មាន​អារម្មណ៍​ធុញថប់​ណាស់​មែន​ទេ?

លោក​វេជ្ជបណ្ឌិត អាយ៉ា អាល់អាយូប៊ី ជា​ពេទ្យ​ពិគ្រោះ​យោបល់​នៃ​ផ្នែក​ត្រចៀក ច្រមុះ និង​បំពង់ក នៅ​មន្ទីរពេទ្យ ក្នុង​ទីក្រុង​ឡុងដ៍ បាន​ឲ្យ​ដឹង​ថា ការ​តឹង​ច្រមុះ​ដោយសារ​ជំងឺ​ផ្តាសាយ​មិន​បង្ក​ដោយ​សំបោរ​ទេ ប៉ុន្ដែ​ដោយ​ការ​ហើម និង​រលាក​សរសៃ​ឈាម​ក្នុង​ផ្លូវ​ខ្យល់​ច្រមុះ ដែល​មាន​មូលហេតុ​មកពី​ការ​ឆ្លង។

បើ​ទោះបី​ជា​សំបោរ​ព្យាយាម​មក​ភ្ជិត​រន្ធច្រមុះ​នៅពេល​អ្នក​កើត​ជំងឺ​ផ្ដាសាយ​យ៉ាងណា​ក៏ដោយ ក៏​លោក​វេជ្ជបណ្ឌិត អូវេន ហ៊េនលី ជា​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​នៅ​សាកលវិទ្យាល័យ​រដ្ឋ​វីជីនៀ​បាន​និយាយថា ការ​ញើស​សំបោរ​ញឹកញយ​ពេក​អាច​រុញ​ច្រាន​សំបោរ​ចូល​ទៅក្នុង​កន្លែង​ប៉ោង​របស់​សរសៃ​ឈាម​អាអក​ដែល​បង្ក​ការ​ឆ្លង​ជា​លើក​ទី​ពីរ​។

ដូច្នេះ​បើ​ចៀស​មិន​ផុត​ពី​ការ​ញើស​សំបោរ អ្នក​គួរ​តែ​ធ្វើ​ដោយ​ថ្នមៗ ពោល​គឺ​ញើស​ច្រមុះ​ម្ដង​ម្ខាងៗ ហើយ​កុំ​ទៅ​រវល់​នឹង​ការ​ស្រូប​ចំហាយ​ទឹក​ធ្វើ​អ្វី ពីព្រោះ​វា​មិន​អាច​ជួយ​ទម្លាយ​សំបោរ​ដែល​ស្ទះ​ក្នុង​រន្ធ​ច្រមុះ​ឡើយ​។

វិធី​ល្អ​បំផុត​ដើម្បី​សម្អាត​សំបោរ​គឺ​ញើស​ម្ដង​ម្ខាង ដោយ​សង្កត់​ម្រាម​ដៃ​លើ​ផ្នែក​ម្ខាង​ទៀត ខណៈ​អ្នក​ញើស​ថ្នមៗ រួច​ប្ដូរ​ទៅ​ម្ខាង​ទៀត។

ការ​ញើស​សំបោរ​ម្ដង​ទាំង​សង​ខាង បាន​បង្កើន​សម្ពាធ​ទៅក្នុង​កន្លែង​ប៉ោង​របស់​សរសៃ​ឈាម​អាអក​ដែល​អាច​ច្រាល​ទឹក​សំបោរ​ចូល​ក្នុង។ ដើម្បី​បង្រៀន​កូន វា​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើត​ចំណេះដឹង​នៃ​ការ​ញើស​សំបោរ​ជា​មុន​៕

ប្រភព៖ www.postkhmer.com

ខំ​ធ្វើ​ការ​ច្រើន​ម៉ោង​ពេក​អាច​បង្ក​ហានិភ័យ​ចំពោះ​សុខភាព​ខ្ពស់



ក្រុង​ប៉ារីស: ប្រាកដ​ណាស់ ខិតខំ​ធ្វើ​ការ​ខ្លាំង​ពេក​នាំ​ឲ្យ​កើត​អារម្មណ៍​ចង់​ផឹក​គ្រឿង​ស្រវឹង។ នេះ​ជា​ការ​លើក​ឡើង​ កាល​ពី​ថ្ងៃពុធ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ព្រមាន​ពី​ហានិភ័យ​ចំពោះ​សុខភាព​​នៃ​ទំនាក់​ទំនង​ទាំង​ពីរ​នេះ​។

ពួក​គេ​បាន​និយាយ​ថា ការ​វិភាគ​​មួយ​ចំណោម​​ការ​សិក្សា​ជា​ច្រើន​លើ​មនុស្ស​ជាង​៤០​ម៉ឺន​នាក់​ បាន​បង្ហាញ​ថា អ្នក​ដែល​ធ្វើ​លើស​ពី​ ៤៨​ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ ជា​វេលា​បំពេញ​ការងារ​អប្បរមា​នៅ​អឺរ៉ុប ទំនង​ជា​នាំ​ឲ្យ​ចិត្ដ​ចង់​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ប្រកប​ដោយ​គ្រោះថ្នាក់​ចំពោះ​​សុខភាព​។ ​

អត្ថបទ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី BMJ បាន​រាយការណ៍​ថា ការ​បំពេញ​ការងារ​ច្រើន​ម៉ោង​បង្កើត​​ចំណង់​ផឹក​គ្រឿង​ស្រវឹង​ច្រើន​រហូត​ដល់​១១​ភាគរយ​។

អ្នក​ធ្វើ​ការ​ចាប់​ពី​ ៤៩​​ ទៅ ៥៤​ម៉ោង ក្នុង​មួយ​សប្ដាហ៍​មាន​ហានិភ័យ​១៣​ភាគរយ​​ បើ​ធៀប​​នឹង​​អ្នក​​ដែល​ធ្វើ​ការងារ​ត្រឹម​តែ​ ៣៥ ទៅ ៤០​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​។ អ្នក​​ធ្វើ​ការ​ចាប់​ពី​ ៥៥​ ​ម៉ោង​ ឬក៏​ច្រើន​ជាង​នេះ​​ជួប​ហានិភ័យ​លើស​អ្នក​ខាង​លើ​ ១២​ភាគរយ។

ទម្លាប់​ផឹក​គ្រឿង​ស្រវឹង​​ដល់​កម្រិត​គ្រោះថ្នាក់​ត្រូវ​កំណត់​ថា​ លើស​១៤​រង្វាស់​ជាតិ​អាកុល​ស្ដង់ដារ​ក្នុង​១សប្ដាហ៍​សម្រាប់​ស្ដ្រី និង​ច្រើន​ជាង ​២១ រង្វាស់​ជាតិ​អាកុល​ដែល​ប្រឈម​​គ្រោះ​​ថ្នាក់​ចំពោះ​សុខភាព​ខ្ពស់​ ដូច​ជា ជំងឺ​ថ្លើម បេះដូង មហា​រីក ដាច់​សរសៃ​ឈាម និង​ផ្លូវ​ចិត្ដ។

រង្វាស់​ស្ដង់​ដារ​នៃ​សារធាតុ​អាកុល ១​កម្រិត​ ​មាន​ចំនួន​ស្មើ​នឹង​១​ភាគ​៣​នៃ​ស្រាបៀរ​កម្រិត​អាកុល​​មធ្យម​១​កំប៉ុង​ ៨៧​មិល្លី​លីត្រ​នៃ​ស្រា​ក្រហម មាន​​ជាតិ​អាកុល​ ១២​ ភាគរយ​ ឬ​ក៏​វីស្គី ២៥​ មិល្លីលីត្រ​៕

ប្រភព៖​ www.postkhmer.com

ការ​កូរ​ពោះ​មិនមែន​សញ្ញា​ត្រូវ​ញ៉ាំ​តាម​ពិត​ក្រពះ​ធ្វើការ​សម្អាត​សោះ



ក្រុងប៊ែរឡាំង : ការ​កូរ​ពោះ​​គ្រូកៗ វា​មិនមែន​មាន​ន័យ​ថា​ អ្នក​ត្រូវ​ដល់​ពេល​ញ៉ាំ​នោះ​ទេ តែ​វា​​ជា​ពេលវេលា​ដែល​ក្រពះ​ទំនេរ​ធ្វើ​ប្រតិបត្តិការ​សម្អាត​អវយវៈ ខ្លួន​វា​ទៅវិញ​ទេ​។

សំអាង​លើ​សៀវភៅ​ថ្មី​មួយ​របស់​អតិសុខុម​ជីវវិទូ កញ្ញា ហ្គីលៀរ អេនឌឺស វ័យ​ ២៥ ​ឆ្នាំ ក្រោម​​ចំណង​ជើង​ថា​ «Gut: The Inside Story Of Our Body's Most Underrated Organ» ដែល​​បាន​លក់​ដាច់​បំផុត​ក្នុង​​ប្រទេស​អាល្លឺម៉ង់ វា​បាន​ធ្វើឲ្យ​អ្នក​​អាន​មាន​ការ​ភ្លឺ​ភ្នែក​យ៉ាងខ្លាំង​។

ក្រពះ​របស់​យើង​កូរ​នៅពេល​យើង​​ឃ្លាន ហើយ​វា​បាន​កើតឡើង​នៅ​គ្រប់​ពេលវេលា​នៅ​ចន្លោះ​ពេល​ទទួលទាន​អាហារ​ទៅ​នឹង​អាហារ​ត្រូវ​បាន​រំលាយ​ (​ពោះ​ទំនេរ)​។

ការ​ទទួលទាន​អាហារ​ដើម្បី​កុំ​ឲ្យ​កូរ​ពោះ​នឹង​បញ្ឈប់​​​សំឡេង​ក្រូកក្រាក​ភ្លាម​។ ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​​​មាន​ន័យ​ថា ពោះ​នឹង​មិន​​ទំនេរ​ឡើយ​។ នេះ​គឺជា​ហេតុផល​មួយ​ដែល​អ្នក​វិទ្យាសាស្ដ្រ​ផ្នែក​ជីវជាតិ​មួយ​ចំនួន​បាន​ណែនាំ​ថា យើង​ទុក​ពោះ​ឲ្យ​ទំនេរ​រយៈពេល​ ៥ ​ម៉ោង​ពី​ចន្លោះ​អាហារ​មួយ​ពេល​ទៅ​អាហារ​មួយ​ពេល​ទៀត។

ការ​កូរ​ពោះ​បែប​នេះ​មិនមែន​ជា​អាការ​ឈឺ​ក្រពះ​ឡើយ។ ក្រពះ​លាតសន្ធឹង​ចាប់ពី​ផ្នែក​ខាង​ក្រោម​សុដន់​​​ឆ្វេង​ ទៅ​ចុង​ផុត​ខាង​ក្រោម​​ឆ្អឹង​ជំនីរ​ខាង​ស្ដាំ​ ដែល​​ស្ថិត​នៅ​ខ្ពស់​ឆ្ងាយ​ពី​ការ​គិត​​របស់​មនុស្ស​ភាគច្រើន​។

ការ​ឈឺចាប់​ផ្នែក​ខាង​ក្រោម​ពី​ទីតាំង​រៀបរាប់​ខាងលើ​មិន​អាច​ចាត់ទុក​ជា​ការ​ឈឺ​ក្រពះ​ឡើយ​។ ពេល​ខ្លះ​អាច​មាន​ការ​ច្រឡំ​ថា​ឈឺ​ក្រពះ ការពិត​អាច​ជា​ការ​ឈឺ​ពោះវៀន​ទេ​៕

ប្រភព៖ www.postkhmer.com

អត់​ដុស​ធ្មេញ​តែ​ ២ ​សប្ដាហ៍​​អាច​បង្ក​ហានិភ័យ​ចំពោះ​សុខភាព​រាប់រយ​ជំពូក

ក្រុងឡុងដ៍: ការ​ពិសោធ​ដែល​ធ្វើ​ឡើង​ជាមួយ​សាស្ដ្រាចារ្យ អៀន ឆាបផល នៅ​មហាវិទ្យាល័យ​ទន្ដវិទ្យា​នៃ​សាកលវិទ្យាល័យ​ប៊ឺមីងហេម បង្ហាញ​ថា គ្រាន់តែ​អត់​ដុស​ធ្មេញ​រយៈពេល​​តែ​ ២ ​សប្ដាហ៍ ពិតជា​ធ្វើឲ្យ​អន្ដរាយ​ដល់​ប្រព័ន្ធ​ផ្សាំង​ជំងឺ​យ៉ាង​ខ្លាំង​។

ការ​ធ្វើ​តេស្ដ​នៅ​មន្ទីរពិសោធ​ដោយ​ប្រើ​កោសិកា​ឈាម​ស ទៅ​លើ​ប្រព័ន្ធ​ផ្សាំង​ជំងឺ​របស់​ទាហាន បង្ហាញ​ថា ប្រព័ន្ធ​ផ្សាំង​ពួកគេ​កាន់តែ​ចុះ​ខ្សោយ​ដែល​ងាយ​រង​ជំងឺ​ឆ្លង នៅពេល​ពួកគេ​ត្រូវ​បាន​ណែនាំ​ឲ្យ​ឈប់​ដុស​ធ្មេញ​។

លទ្ធផល​នេះ​បាន​បញ្ជាក់​ថា រាងកាយ​​ទាំង​មូល​​រង​ផល​ប៉ះពាល់ ខណៈ​​ក្នុង​បរិវេណ​មាត់​ធ្មេញ​ត្រូវ​វាយប្រហារ​ដោយ​មេរោគ​ឆ្លង​។

ការ​រកឃើញ​ផ្នែក​វិទ្យាសាស្ដ្រ​នា​ពេល​បច្ចុប្បន្ន បង្ហាញ​ថា បើ​មាត់​ធ្មេញ​របស់​អ្នក​រលាក​ធ្ងន់ធ្ងរ វា​នឹង​ប៉ះពាល់​លើ​សុខភាព​នៃ​សព៌ាង្គកាយ​ផ្សេងៗ​ទៀត និង​អាយុ​ជីវិត​របស់​​អ្នក​យ៉ាង​ខ្លាំង​ផង​ដែរ​។

វា​ពិតជា​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​នៃ​ជំងឺ​មួយ​ចំនួន ដូចជា បេះដូង ទឹកនោមផ្អែម​ប្រភេទ​ ២ ប្រព័ន្ធ​សរសៃ​ប្រាសាទ សាច់​សរសៃ​ឈាម និង​​មហារីក​​។

សាស្ដ្រាចារ្យ ឆាបផល បាន​អះអាង​ថា ការ​រលាក​បែប​នេះ​អាច​ជាសះស្បើយ​​វិញ បើ​អ្នក​ទុក​វា​តែ​ប៉ុន្មាន​សប្ដាហ៍​។ ប៉ុន្ដែ​បើ​អ្នក​បណ្ដោយ​ឲ្យ​ជំងឺ​អញ្ចាញ​ធ្មេញ​បន្ដ​រាតត្បាត​រយៈពេល​យូរ វា​ប្រាកដ​ជា​កាន់តែ​រ៉ាំរ៉ៃ ពិបាក​ស្រោច​ស្រង់​។

ជំងឺ​អញ្ចាញ​ធ្មេញ​មិន​ត្រឹមតែ​ប៉ះពាល់​​មាត់​ធ្មេញ​របស់​អ្នក​ទេ ប៉ុន្ដែ​វា​អាច​​ធ្វើឲ្យ​អ្នក​អាយុ​ខ្លី​។ ដូច្នេះ ការ​ថែទាំ​មាត់ធ្មេញ​ជា​ការ​​ថែទាំ​សុខភាព​ដ៏​ចាំបាច់​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​៕

ប្រភព៖ www.postkhmer.com

កង្វះ​ដំណេក​មួយ​រាត្រី​សមល្មម​សម្រាប់​ជំរុញ​វ័យ​ឲ្យ​កាន់តែ​ឆាប់​ចាស់



ក្រុងឡុងដ៍: កង្វះ​ដំណេក​មួយ​រាត្រី​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ខ្ជិល​ច្រអូល និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​បំពេញ​ការងារ ប៉ុន្ដែ​​វា​ក៏​អាច​រំខាន​ដល់​ប្រសិទ្ធភាព​ការងារ​ច្រើន​ផង​ដែរ​។

ក្រុម​អ្នក​ស្រាវជ្រាវ​រកឃើញ​ថា ដំណេក​គ្រប់គ្រាន់​របស់​បុគ្គល​ណា​ម្នាក់​អាច​ភ្លាត់​ចេញ​ពី​គន្លង​ល្អ​ដោយ​គ្រាន់តែ​មាន​ការ​រំខាន​តែ​មួយ​រាត្រី​ប៉ុណ្ណោះ​។

ជាក់ស្ដែង​ការ​ចូល​គេង​ពេល​យប់​ជ្រៅ​ពេក​ដោយ​ក្រោក​ពី​ព្រលឹម ឬ​ភ្ញាក់​កណ្ដាល​អធ្រាត្រ​សមល្មម​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ជ្រីវជ្រួញ​។ វា​ថែម​ទាំង​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ដ​ជំងឺ​ទៀត​ផង​។

កង្វះ​ដំណេក​រួមមាន មួយ​រាត្រី​មិន​ស៊ាំ​នឹង​ទីកន្លែង​ដំណេក​មួយ​រាត្រី​ដំណេក​គ្មាន​ការ​រំខាន មួយ​រាត្រី​ដំណេក​មិន​ស្កប់​ដែល​ពិបាក​ធ្មេច​ភ្នែក​នៅ​ចន្លោះ​ម៉ោង​ ៣ ​ទៀបភ្លឺ​ទៅ​ម៉ោង​ ៧ ​ព្រឹក និង​មួយ​រាត្រី​ដំណេក​សង​គ្មាន​ការ​រំខាន​។

ជាទូទៅ​បញ្ហា​ទាំងអស់​ខាង​លើ​បាន​បញ្ឈប់ ឬ​ក៏​រំខាន​ដល់​ដំណើរ​វិលវល់​នៃ​កោសិកា​ដែល​ធ្វើឲ្យ​មនុស្ស​ឆាប់​ចាស់​មុន​អាយុ​កាល​។

វេជ្ជបណ្ឌិត ខារ៉ូល ​បាន​និយាយ​ចំពោះ​ការ​រក​ឃើញ​របស់​ខ្លួន​ថា​៖ «​ទិន្នន័យ​របស់​យើង​បាន​គាំទ្រ​ដល់​សម្មតិកម្ម​ថា ដំណេក​មួយ​​រាត្រី​មិន​ស្កប់ស្កល់​ចំពោះ​មនុស្ស​វ័យ​ជ្រេ​អាច​បង្ក​បញ្ហា​ដល់​ការ​វិវត្ដ​វ័យ​កាន់តែ​ឆាប់​រហ័ស​»។

គួរ​ឲ្យ​កត់សម្គាល់​ថា ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​​តាម​អនឡាញ​នៃ​ទស្សនាវដ្ដី ដំណេក​ និង​ត្រូវ​បាន​ធ្វើ​បទបង្ហាញ​នៅ Sleep 2015 ជា​ជំនួប​ប្រចាំ​ឆ្នាំ​នៃ​សមាគម​សង្គម​ដំណេក​ជំនាញ (APSS)​៕ 

ប្រភព៖​ www.postkhmer.com
 

Sample text

Sample Text

Sample Text

 
Blogger Templates