ក្រុងបូស្តុន: ការផ្លាស់ប្ដូរទម្លាប់ញ៉ាំអាហារឆ្អិនស្រាប់តាមហាង មកទិញបន្លែសាច់ចម្អិនញ៉ាំនៅផ្ទះដោយខ្លួនឯង អាចកាត់បន្ថយអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ ២ បានគួរឲ្យកត់សម្គាល់។
ការស្រាវជ្រាវថ្មីមួយបានរកឃើញថា អ្នកញ៉ាំអាហារពេលថ្ងៃត្រង់ និងល្ងាចចម្អិននៅផ្ទះជាប្រចាំ ២ ដងក្នុងមួយថ្ងៃអាចកាត់បន្ថយអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែមបាន ១៣ ភាគរយ បើធៀបនឹងអ្នកដែលញ៉ាំអាហារនៅផ្ទះមិនដល់ ៦ ដងក្នុងមួយសប្ដាហ៍។
នេះដោយសារតែម្ហូបអាហារចម្អិននៅផ្ទះមានគ្រឿងផ្សំជួយរក្សាទម្ងន់ និងធ្វើឲ្យអ្នកទទួលទានមិនសូវស្រូបជាតិស្ករ ខ្លាញ់ ព្រមទាំងសារធាតុរក្សាទុកអាហារឲ្យបានយូរ។លទ្ធផលនៃការសិក្សានេះបនទាញចេញពីការស្រាវជ្រាវរយៈពេល ៣៦ ឆ្នាំ ដោយវិភាគលើទិន្នន័យសុខភាពមនុស្សប្រុសស្រីជិត ១០ ម៉ឺននាក់នៅសហរដ្ឋអាមេរិក។
វេជ្ជបណ្ឌិត ហ្គេន ជុង អ្នកស្រាវជ្រាវផ្នែកជីវជាតិបំប៉ននៅសាកលវិទ្យាល័យសុខាភិបាលសាធារណៈ Harvard T.H. Chan School ក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត បាននិយាយថា៖ «ទំនោរនៃការទទួលទានអាហារឆ្អិនស្រាប់ ឬម្ហូបខ្វប់នៅតាមភោជនីយដ្ឋាន បានរីកសាយភាយទូទាំងសហរដ្ឋអាមេរិកនៅ ៥០ ឆ្នាំចុងក្រោយនេះ ស្របនឹងអត្រាកំណើននៃអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទពីរផងដែរ»។
បើទោះជាការស្រាវជ្រាវនេះមិនបានកំណត់ថា តើគួរចម្អិនម្ហូបញ៉ាំនៅផ្ទះប៉ុន្មានដងក្នុងមួយសប្ដាហ៍ទើបល្អក្ដី ក៏វេជ្ជបណ្ឌិត ហ្គេន ជុង បានជំរុញថា បើឧស្សាហ៍ចម្អិនអាហារទទួលទាននៅផ្ទះកាន់តែញឹកញាប់ គឺកាន់តែប្រសើរ។
លទ្ធផលនៃការសិក្សានេះនឹងត្រូវយកទៅធ្វើបទបង្ហាញនៅកិច្ចប្រជុំសមាគមបេះដូងអាមេរិកឆ្នាំ ២០១៥៕