ក្រុងឡុងដ៍: ដើម្បីសុខភាព អ្នកខំទទួលទានបន្លែផ្លែឈើ និងមិនសូវចូលចិត្តអាហារទាន់ចិត្តទេ។
ចុះហេតុអ្វីអ្នកនៅតែបន្ដឡើងគីឡូទៀត?អ្នកស្រី សៀន ផតធ័រ ជាទីប្រឹក្សាផ្នែកអាហារ និងជាអ្នកនាំពាក្យឲ្យសមាគមចំណីអាហារអង់គ្លេស និយាយថា៖ «មនុស្សភាគច្រើនមិនដឹងពីបរិមាណម្ហូបត្រូវទទួលទានទេ។ ប៉ុន្ដែសូម្បីតែអាហារចម្រើនសុខភាពផ្ទុកកាឡូរីច្រើនដែរ។ អ្នកអាចទទួលទានតាមចិត្ដ»។
អ្នកស្រី បានណែនាំឲ្យទទួលទានអាហារមូលដ្ឋានដោយវាស់វែងនឹងទំហំបាតដៃរបស់បុគ្គលម្នាក់ៗ។
សាច់: ប៉ុនបាតដៃ
ការទទួលទានសាច់គួរស្មើនឹងទំហំបាតដៃរបស់អ្នក (មិនរាប់បញ្ចូលម្រាមទេ)។ សាច់គោស្ដេកគួរមានទម្ងន់ ១០០ ក្រាម និងកម្រាស់ប៉ុនបៀរមួយហ៊ូ។អ្នកស្រី ផតធ័រ បន្ដថា៖ «ដើម្បីទទួលបានប្រូតេអ៊ីនពីសាច់សមល្មម អ្នកគួរតែទទួលទានវាប៉ុនបាតដៃរៀងរាល់ថ្ងៃ។ តែមិនគួរទទួលទានសាច់ក្រហមលើសពី ៥ ខាំ ក្នុងមួយសប្ដាហ៍ឡើយ។ ចូរជ្រើសរើសប្រូតេអ៊ីនផ្សេងៗទៀតដូចជា ត្រី សណ្ដែក ឬធុញ្ញជាតិ»។
សាច់ត្រីស: មួយបាតដៃ
សាច់ត្រីពណ៌ស ដូចជា ត្រីម័ររុយ ត្រីហេតដុក ឬត្រីផូលឡុក មានសារធាតុខ្លាញ់ និងកាឡូរីទាប។ ដូច្នេះពេញមួយបាតដៃរួមទាំងម្រាមមានបរិមាណសមល្មម ( ១៥០ ក្រាម និង ១០០ កាឡូរី)។សាច់ត្រីសផ្ដល់អត្ថប្រយោជន៍ច្រើនពីព្រោះប្រូតេអ៊ីនរបស់វាមានខ្លាញ់ទាបពីធម្មជាតិ តែផ្ទុកសេលីញ៉ូម ដ៏សំខាន់សម្រាប់ប្រព័ន្ធផ្សាំនឹងសុខភាពសក់ និងក្រចក។
ស្ពៃឆៅ: មួយក្រវង់ដៃ
ការទទួលទានស្ពៃឆៅមួយក្រវង់ដៃគឺជាបរិមាណសម្រាប់អាហារមួយពេលក្នុងរយៈពេល ៨ ថ្ងៃម្ដង ( ៨០ ក្រាម)។អ្នកស្រីបន្ដថា៖ «អ្នកគួរទទួលទានបន្លែជាមួយសាច់។ បន្លែនៅក្នុងសាំងវិចនៅមិនទាន់គ្រប់គ្រាន់ទេ អ្នកគួរតែបន្ថែមបន្លែក្រៅទៀត»។
ផ្លែឈើតូចៗ: ថ្នក់ដៃទាំងគូ
ញ៉ាំផ្លែឈើតូចៗ ៨០ ក្រាម ដូចជាប្រភេទប៊ឺរី (ផ្លែឈើធំកាត់ជាចំណិតតូចៗ) ចំនួន ៥ ផ្លែក្នុងមួយថ្ងៃ ស្មើប៉ុនមួយថ្នក់ដៃទាំងគូ។ អ្នកស្រី ថា៖ «ផ្លែប៊្លូប៊ឺរីមួយកញ្ចប់ ២៥០ ក្រាម ស្មើនឹងការទទួលទានបីដង។ ដូច្នេះអ្នកមិនចាំបាច់ញ៉ាំទាំងអស់ទេ។ ប៉ុន្ដែវាគ្មានគ្រោះថ្នាក់គួរឲ្យបារម្ភទេ (វាមានកាឡូរីប្រមាណ ៩០ ហើយសម្រាប់ផ្លែឈើផ្អែមខ្លាំង មានកាឡូរី ១៦១ )»។
បន្លែ: មួយក្ដាប់ដៃ
អ្នកគួរទទួល បន្លែ ៨០ ក្រាម ស្មើនឹងមួយក្ដាប់ដៃ។
ប៉ាស្ដាឆៅ: មួយក្ដាប់ដៃ
វាហាក់ដូចជាតិច តែវានឹងកើនបរិមាណពេលចម្អិនឆ្អិន។ ប៉ាស្ដាទម្ងន់ ៧៥ ក្រាមផ្ទុកកាឡូរី ២១៩។
ធញ្ញជាតិ: មួយបាតដៃ
អ្នកស្រី ផតធ័រ ណែនាំថា៖ «ធុញ្ញជាតិជាអាហារសម្រន់ដ៏ល្អ ដោយពួកវាផ្ទុកនូវសារធាតុខ្លាញ់ជំនួយបេះដូង តែក៏ផ្ទុកកាឡូរីផងដែរ។ បរិមាណត្រឹមត្រូវគឺការក្ដោបមួយបាតដៃ»។
ដំឡូងបារាំង: មួយក្ដាប់ដៃ
អ្នកស្រី សៀន ផតធ័រ បានបន្ថែមថា៖ «បរិមាណមួយក្ដាប់ដៃគួរតែស្មើនឹង ២០០ កាឡូរី ( ២៥០ កាឡូរីសម្រាប់មនុស្សម្នាក់)។ ដំឡូង ១៨០ ក្រាមនេះផ្ទុកកាឡូរី ១៧៥ តែដំបូងដុតអាចកើនកាឡូរីទ្វេដង»។
ត្រីខ្លាញ់: ប៉ុនបាតដៃ
មិនខុសពីសាច់ទេ ការទទួលទានត្រីសាល់ម៉ុន ត្រីស្បៃកា ឬសាឌីន គួរតែត្រឹមប៉ុនបាតដៃ។ សាច់ត្រីពន្លះរួចទម្ងន់ ១០០ ក្រាម ផ្ទុកកាឡូរី ២០០ ហើយគួរទទួលម្ដងក្នុង ១ សប្ដាហ៍។
ប៊ឺ: ប៉ុនមេដៃ
ខ្លាញ់ ប៊ឺ ប្រេងឆា ឬប៊ឺសណ្ដែកដី គួរតែមិនលើសពីស្លាបព្រាតែ ឬប៉ុនមេដៃឡើយចំពោះការទទួលទានក្នុងមួយថ្ងៃ។
សូកូឡា: ប៉ុនម្រាមដៃចង្អុល
សូកូឡាមួយដុំប៉ុនម្រាមដៃចង្អុលស្មើនឹងកាឡូរី ១០០ (ឬ ២០ ក្រាម) សមល្មម។
ឈីស: ប៉ុនមេដៃផ្គុំគ្នា
ឈីសគួរតែមានទម្ងន់ ៣០ ក្រាម ប៉ុនមេដៃផ្គុំគ្នា។ វាមានកាឡូរី ១២៥ ដែលផ្ដល់កាល់ស្យូមមួយភាគបីក្នុងមួយថ្ងៃ។
នំខេក: ប៉ុនម្រាមដៃពីរ
នំខេកមួយដុំគួរតែមានទំហំប៉ុនម្រាមដៃពីរផ្គុំគ្នា។ វាផ្ទុកកាឡូរី ១៨៥ ( ២០០ សម្រាប់មនុស្សមាឌធំ) សម្រាប់ជាបង្អែមលាងមាត់៕