Social Icons

Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts

ពន្លឺ​ព្រះអាទិត្យ​អាច​ជួយ​កាត់បន្ថយ​អត្រា​សម្ពាធ​ឈាម

ក្រុងប៉ារីសៈ បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ព្រឹត្តិបត្រ​សារព័ត៌មាន​សុខភាព​ពិសេស មួយ​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា ពន្លឺ​ព្រះអាទិត្យ​មាន​គុណប្រយោជន៍​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ លើសឈាម ឬ​ឡើង​សម្ពាធ​ឈាម​បាន ខណៈ​ជំងឺ​នេះ​ជា​ដើមចម​ដ៏​គ្រោះថ្នាក់​នាំឲ្យ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។

លោក ម៉ាទីន ហ្វីលីសច៍ សាស្រ្តាចារ្យ​ផ្នែក​ឱសថសាស្រ្ត​នៃ​សាកលវិទ្យាល័យ​សោតហេមតុន ប្រទេស​អង់គ្លេស​បាន​រក​ឃើញ​កម្រិត​ប្រែប្រួល​របស់​ពន្លឺ​ព្រះអាទិត្យ ដោយសារ​វត្តមាន​នៃ​សារធាតុ​គីមី​នីទ្រិចអុកស៊ីត ឬ អាសូត​អុកស៊ីត​(​NO) នៅលើ​ស្បែក​មនុស្ស។ សារធាតុ​គីមី​នេះ​វា​បាន​ពង្រីក​ខ្លួន​តាម​សរសៃ​ឈាម​មនុស្ស ហើយ​មាន​មុខងារ​សំខាន់​មួយ​ធ្វើឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ​បាន។

អ្នក​ជំងឺ​លើសឈាម​ច្រើន​ប្រឈម​នឹង​គ្រោះថ្នាក់​នៅ​រដូវរងា ជាពិសេស​គឺ​ប្រជាជន​ទាំងឡាយ​ណា​ដែល​មិន​សូវ​ប៉ះ​ពន្លឺ​ព្រះអាទិត្យ។

លោក ម៉ាទីន ហ្វីលីសច៍ បន្ថែម​ថា៖ «មនុស្ស​ជាច្រើន​ខ្លាច​ខូច​ស្បែក​ពេល​ត្រូវ​ពន្លឺ​ព្រះអាទិត្យ តែ​តាមពិត​ការ​មិន​ឲ្យ​ស្បែក​ត្រូវ​កាំរស្មី​ថ្ងៃ​នោះ វា​បង្កើន​គ្រោះថ្នាក់​ខ្លាំង​ដល់​ជំងឺ​សរសៃឈាម​នានា​ទៅវិញ​ទេ»៕

ប្រភព៖ www.postkhmer.com

ការ​ប្រើ​ទឹក​ថ្នាំ​ខ្ពុរមាត់​បង្កើន​អត្រា​ស្ទះ​សរសៃឈាម

ក្រុងឡុងដ៍ : ការ​ប្រើ​ទឹក​ខ្ពុរមាត់​អាច​បង្កើន​គ្រោះថ្នាក់​ដល់​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល។ នេះ​បើ​យោង​តាម​ការ​ចេញ​សេចក្តី​ព្រមាន​មួយ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ ផ្នែក​សុខភាព​។ ទឹកថ្នាំ​ខ្ពុរមាត់​នោះ​វា​បាន​ជួយ​លាង​សម្អាត​មេរោគ ឬ​បាក់តេរី​មួយ​ចំនួន​ដែល​ជា​ពពួក​បាក់តេរី​សម្រួល​ដល់​សរសៃឈាម និង​ចលនា​សម្ពាធឈាម​។

លោកស្រី សាស្រ្តាចារ្យ អាម្រឹតា​អាលូវ៉ាលៀ ដែល​ដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​បាន​អះអាង​ថា មូលហេតុ​នៃ​ការ​ឡើង​សម្ពាធ​ឈាម​នេះ​ក៏​ព្រោះ​មកពី​ការ​ប្រើ​ទឹកថ្នាំ ខ្ពុរមាត់​ធ្វើឲ្យ​អសកម្ម​ដល់​មេរោគ​សម្រួល​សរសៃឈាម​។

លោកស្រី​បន្ត​ថា៖ «ការ​ប្រើ​ទឹកថ្នាំ​ខ្ពុរមាត់​រាល់​ថ្ងៃ​នឹង​ប្រឈម​នឹង​ជំងឺ​ឡើង​សម្ពាធ​ឈាម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជា​មិន​ខាន»។

លោកស្រី សាស្រ្តាចារ្យ​ដែល​មកពី​សាកលវិទ្យាល័យ​គ្វីនម៉ារីន នៅ​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​បាន​បន្ថែម​ថា៖ «យើង​មិន​ឲ្យ​អ្នក​ដែល​មាន​ជំងឺ​បាក់តេរី​នៅ​អញ្ចាញ និង​ធ្មេញ​ថា​ត្រូវ​តែ​ឈប់​ប្រើ​ថ្នាំ​ខ្ពុរមាត់​សម្លាប់​មេរោគ​នោះ​ឡើយ​។ តែ​យើង​គ្រាន់​សួរ​ថា ចុះ​ហេតុអ្វី​បាន​ជា​មនុស្ស​មាន​សុខភាព​មាត់ធ្មេញ​ល្អ​ធម្មតា​ចាំបាច់ ត្រូវ​ខ្ពុរមាត់​នឹង​ទឹក​ថ្នាំ​នោះ​ដែរ?»៕

ប្រភព៖ www.postkhmer.com

គុណប្រយោជន៍​វីតាមីន ​C ​ព្យាបាល​ការពារ​ជ្រុះ​សក់

មនុស្ស​ទូទៅ​តែង​ឲ្យ​តម្លៃ​ទៅលើ​សក់​ក្រាស់​ជា​ផ្នែក​មួយ​នៃ​រូបសម្បត្តិ ហើយ​ការ​បាត់បង់​សក់​គឺជា​កង្វល់​ដ៏ធំ​មួយ ចំពោះ​បុរស​ស្ត្រី។ ដូច្នេះ​អ្នក​គួរ​តែ​ស្វែងយល់​ពី​វីតាមីន​មួយ​ចំនួន​ដែល​អាច​រួមចំណែក​ការពារ និង​ព្យាបាល​ការ​ជ្រុះ​សក់​នេះ​បាន។

វីតាមីន C គឺជា​ប្រភេទ​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក បាន​ន័យ​ថា​ជា​ប្រភេទ​ម្យ៉ាង​ដែល​ខ្លួន​យើង​មិន​អាច​រក្សាទុក​វា​ឡើយ។ ប្រភេទ​វីតាមីន C ផ្តល់​នូវ​សារប្រយោជន៍​យ៉ាងច្រើន​ដល់​ខ្លួនប្រាណ​របស់​យើង ដែល​ក្នុង​នោះ​គុណប្រយោជន៍​មួយ​សំខាន់​របស់​វា​ជួយឲ្យ​ខ្លួន​យើង​អាច​ព្យាបាល និង​ការពារ​ការ​ជ្រុះ​សក់។

វិធីសាស្ត្រ​ដ៏សំខាន់​នៃ​ការ​ប្រើប្រាស់​នៃ​ប្រភេទ​វីតាមីន C សម្រាប់​បំបាត់​ការ​ជ្រុះ​សក់​របស់​យើង​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​តុល្យភាព​នៅក្នុង​ចំណី​អាហារ​ជាពិសេស​ត្រូវ​បរិភោគ​នូវ​ចំណីអាហារ​ទាំងឡាយ​ណា​ដែល​សម្បូរ​ទៅ​ដោយ​ប្រភេទ​វីតាមីន C។

វីតាមីន C គឺ​មាន​លក្ខណៈ​ចាំបាច់​សម្រាប់​រូបរាងកាយ​ក្នុង​ការ​បង្កើត​ឡើង​វិញ និង​ជួសជុល​កោសិកា​ចាស់។ វា​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ដែរ​នៅក្នុង​ការ​ព្យាបាល​របួស ឬ​ក៏​បណ្តុះ​កោសិកា​ឡើង​វិញ​ផង​ដែរ។

តួនាទី​សំខាន់​របស់​វា​គឺ​ជួយ​បង្កើតឡើង​នូវ​ធ្មេញ និង​ជួយ​បណ្តុះ​កោសិកា​ឆ្អឹង។ វា​ដើរ​តួនាទី​សំខាន់​នៅក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ឡើង​នៅ​កូឡាហ្សែន​នៅលើ​ស្បែក ឆ្អឹង សរសៃពួរ សរសៃឈាម​និង​សរសៃ​សាច់ដុំ។
ដើម្បី​ថែរក្សា​សក់ ស្ត្រី​គួរ​តែ​ទទួលទាន​អាហារ​មាន​ផ្ទុក​វីតាមីន C។
ដើម្បី​ថែរក្សា​សក់ ស្ត្រី​គួរ​តែ​ទទួលទាន​អាហារ​មាន​ផ្ទុក​វីតាមីន C។

ក្រៅពី​នេះ​វីតាមីន C គឺជា​ប្រភេទ​អង់ទីអុកស៊ីដង់​ដែល​ដូច​ជាមួយ​នឹង​វីតាមីន E និង​សារធាតុ​ស័ង្កសី​អ៊ីចឹង​ដែរ។ វា​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​បន្ថយ​នូវ​ការ​បំផ្លាញ​កោសិកា​របស់​យើង​ដោយ​រ៉ាឌីកាល់​សេរី​ដែល​កើត​ជាទូទៅ​ដោយសារ​តែ​ប្រតិកម្ម​នៅក្នុង​រាងកាយ ឬ​ក៏​កត្តា​ដែល​បណ្តាល​មកពី​ចំណី​អាហារ ឬ​ក៏​បរិយាកាស​ជុំវិញ​ខ្លួន​ជាដើម​។ គួរ​ចាំ​ថា​ប្រភេទ​រ៉ាឌីកាល់​សេរី​គឺ​បង្កើតឡើង​ក្រោយ​ពេល​ដែល​ខ្លួនប្រាណ​របស់​យើង​បំផ្លាញ​ចំណីអាហារ​និង​បង្កើត​ទៅ​ជា​ថាមពល។ សារធាតុ​ទាំងនេះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សរសៃ​សក់​របស់​យើង​ធ្វើឲ្យ​ខូចខាត និង​ជ្រុះ​សក់​តែ​ម្តង។ ដូច្នេះ​ប្រភេទ​វីតាមីន C ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ការពារ​សក់​របស់​យើង​ប្រឆាំង​ជាមួយ​ប្រភេទ​រ៉ាឌីកាល់​សេរី​ទាំងនេះ។
កង្វះ​នៃ​ការ​ទទួលទាន​ចំណី​អាហារ​ដែល​មាន​វីតាមីន C បង្ក​ឲ្យ​ខ្លួន​របស់​យើង​មាន​ភាព​ស្ងួត ស្បែក​របស់​យើង​ងាយ​ខូច សក់​ងាយ​បែក​ចុង។

ទោះបី​ជា​ការ​ជ្រុះ​សក់​ទាំង​ស្រុង​គឺ​ពុំមែន​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​នឹង​កង្វះ​វីតាមីន C ប៉ុន្តែ​ការ​ខូចខាត​សក់ ឬ​សក់​បែក​ចុង​ដែល​បណ្តាលមក​ពី​កង្វះ​វីតាមីន C គឺ​ងាយ​ធ្វើឲ្យ​សក់​របស់​យើង​ខូចខាត​រហូត​ដល់​ជ្រុះ​អស់​តែ​ម្តង។

វីតាមីន C ត្រូវ​បាន​គេ​រក​ឃើញ​នៅក្នុង​ចំណីអាហារ​ជាច្រើន​ដូចជា​ប្រភេទ​រុក្ខជាតិ ស្វាយ ផ្លែ​ស្ត្រប៊ឺរី ម្រេចខ្ចី ផ្ទីរ ប៉េងប៉ោះ ល្ហុង ក្រូច ម្នាស់ និង​ឪឡឹក​ជាដើម។

នៅ​សហរដ្ឋអាមេរិក អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​ទទួលទាន​នូវ​ប្រភេទ​ផ្លែឈើ​ពី ៥​ទៅ​៩​មុខ​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ខ្លួន​របស់​យើង​ទទួល​បាន​គ្រប់គ្រាន់​នូវ​ប្រភេទ​វីតាមីន និង​ប្រភេទ​រ៉ែ​កម្រ​ដទៃ​ទៀត។

ក្នុង​ករណី​ដែល​យើង​ពុំ​បាន​ទទួលទាន​គ្រប់គ្រាន់​នូវ​ប្រភេទ​វីតាមីន C តាមរយៈ​ចំណី​អាហារ​របស់​យើង​ដោយសារ​ជំងឺ​ឬ​ដោយ​មូលហេតុ​ផ្សេងៗ​នោះ​អ្នក​ត្រូវ​តែ​ប្រើប្រាស់​នូវ​ប្រភេទ​វីតាមីន C ជា​ថ្នាំ​គ្រាប់។ កម្រិត​នៃ​ការ​ប្រើប្រាស់​គឺ​ត្រូវ​ស្ថិត​ក្នុង​បរិមាណ​ប្រមាណ​៩៥​មិល្លីក្រាម ចំពោះ​បុរស និង​៧៥​មិល្លីក្រាម​ចំពោះ​ស្ត្រី។ ប៉ុន្តែ​ក្នុង​ករណី​ដែល​យើង​ជា​អ្នក​ជក់បារី អ្នក​បំបៅ​ដោះ​កូន​ឬ​ក៏​មាន​ទម្ងន់​ចាំបាច់​ណាស់​ដែល​ត្រូវ​ញុំា​ប្រភេទ​វីតាមីន C ៣០​មិល្លីក្រាម​បន្ថែម​ទៀត។

ប្រភព៖ www.postkhmer.com

ការ​លាងដៃ​៣០​វិនាទី​រាល់​៤​ម៉ោង​ម្ដង​ជួយ​ការពារ​សុខភាព



ក្រុងឡុងដ៍ៈ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា​ដៃ​ទាំង​គូ​របស់​មនុស្ស​មាន​មេរោគ​ច្រើន​ជាង​វត្ថុ​ប្រើប្រាស់​សាធារណៈ​ទៅ​ទៀត។

មនុស្ស​ម្នាក់ៗ​ជា​មធ្យម​តែង​មាន​បណ្តុំ​បាក់តេរី​ប្រមាណ​១០​លាន​តោង​នៅលើ​ដៃ​ទាំង​គូ​របស់​ខ្លួន ហើយ​បាក់តេរី​ទាំងនោះ​អាច​ឆ្លង​ពេល​ដៃ​របស់​យើង​ប៉ះ​នឹង​មាត់ ភ្នែក និង​ច្រមុះ​ធ្វើឲ្យ​ងាយ​កើត​មាន​ជំងឺ​ផ្សេងៗ​។

ការ​ស្រាវជ្រាវ​ក៏​កត់សម្គាល់​ផង​ដែរ​ថា ក្នុង​ពិភពលោក​មាន​មនុស្ស​១២​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​ទម្លាប់​លាង​សម្អាត​ដៃ​មុន​ញ៉ាំ​អាហារ​។

យោងតាម​អង្គការ​សុខភាព​ពិភពលោក ការ​លាងដៃ​អាច​ការពារ​ជីវិត​មនុស្ស​១​លាន​នាក់​ក្នុង​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដោយ​ជំងឺ​អាសន្នរោគ រាករូស និង​ជំងឺ​ឆ្លង​តាម​ប្រព័ន្ធ​ដង្ហើម​។

ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព​បាន​ផ្តល់​អនុសាសន៍​ឲ្យ​លាង​ដៃ​នឹង​សាប៊ូ​ដោយ​ធ្វើ​ចលនា​ត្រដុស​ឲ្យ​បាន​យ៉ាង​ហោច​៣០​វិនាទី សឹម​លាង​ជម្រះ​នឹង​ទឹកស្អាត​។ ការ​លាង​គួរ​ធ្វើ​ឡើង​ជា​រៀងរាល់​៤​ម៉ោង​ម្ដង។ ទោះ​យ៉ាង​ណា មនុស្ស​ជាច្រើន​ប្រើ​ពេល​លាង​ដៃ​មិន​ដល់​១៥ វិនាទី​ផង៕

ប្រភព៖ www.postkhmer.com

ប្ដូរ​ខ្នើយ​រៀងរាល់​៦​ខែ​ម្ដង​អាច​ជួយ​កាត់បន្ថយ​ការ​កើត​មុន និង​អាលាក់ហ្ស៊ី​ស្បែក

ក្រុងឡុងដ៍: យើង​ទាំងអស់​គ្នា​ទំនង​ជា​មិន​ដាច់​ចិត្ត​បោះ​ចោល​ខ្នើយ​កើយ​សំណព្វ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​បាន​លើក​ឡើង​ថា ការ​ប្ដូរ​ខ្នើយ​កើយ​ជា​រៀងរាល់​៦​ខែ​ម្ដង​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ដំណេក​ស្កប់ស្កល់​នោះ​ទេ ថែម​ទាំង​ធ្វើឲ្យ​សុខភាព​រាងកាយ​ប្រសើរ​ឡើង​ទៀត​ផង។

ការ​សិក្សា​បាន​សង្កត់​ធ្ងន់​ថា មនុស្ស​រាប់​លាន​នាក់​ក្នុង​ពិភពលោក​បាន​កើត​ជំងឺ​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​តែ​ពួកគេ​មិន​បាន​ចាប់​អារម្មណ៍​ពី​កត្តា​អនាម័យ​នៅលើ​គ្រែ​គេង។

ធូលីដី ប្រេង សត្វល្អិត និង​កោសិកា​ងាប់​ដែល​ជាប់​នឹង​ខ្នើយ​ភួយ​អាច​ជា​ដើមចម​នៃ​ជំងឺ​កើត​មុន និង​អាលាក់ហ្ស៊ី​ស្បែក ឬ​ច្រមុះ​ជាដើម។

យោងតាម​ការ​ស្ទាបស្ទង់​មតិ​រាប់​ពាន់​នាក់ មនុស្ស​ប្រមាណ​ជា​៨៥​ភាគ រយ​មិន​បាន​ដឹងថា​ពួកគេ​ត្រូវ​តែ​ប្ដូរខ្នើយ និង​ភួយ​នោះ​ទេ​។

វេជ្ជបណ្ឌិត រ៉ូប៊ើត អ៊ុកមេន មកពី​វិទ្យាស្ថាន​ដំណេក​នៅ​រដ្ឋ​ណ័រស៍​ការ៉ូឡាញណា សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ការ​គេង​នៅលើ​ខ្នើយ​ដែល​កខ្វក់ មាន​ប្រេង ធូលី និង​កោសិកា​ងាប់ ងាយ​នឹង​ធ្វើឲ្យ​មុខ​កើត​មុន។

អ្នក​ជំនាញ រូប​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ខ្នើយ​ចាស់​មិន​ត្រឹម​តែ​ខ្វះ​អនាម័យ​នោះ​ទេ វា​ថែម​ទាំង​មាន​សភាព​រឹង​មិន​អាច​ទ្រទ្រង់​ទម្ងន់​ក្បាល និង​ស្មា​ឲ្យ​បាន​ល្អ​ទៀត​ផង។

ក្រុម​ប្រឹក្សា​ផ្នែក​ដំណេក​បាន​ស្នើ​ឲ្យ​ប្ដូរ​ខ្នើយ​ជា​រៀងរាល់​២​ឆ្នាំ និង​ភួយ​រៀងរាល់​៥​ឆ្នាំ​ម្ដង​ដើម្បី​ផ្ដល់​ផាសុកភាព​នៅពេល​គេង។ ចំពោះ​ប្រភេទ​ខ្នើយ​វិញ អ្នក​ដែល​និយម​គេង​ផ្កាប់ ឬ​ផ្ងារ​គួរ​តែ​ជ្រើសរើស​យក​ខ្នើយ​ណា​ដែល​ស្ដើង រីឯ​អ្នក​ដែល​គេង​ផ្អៀង​គួរ​ទិញ​ខ្នើយ​ទន់​ហើយ​ប៉ោង​ទើប​ល្អ​៕

ប្រភព៖ www.postkhmer.com

បរិភោគ​មីស្រុស​២​ដង​ក្នុង​១​សប្ដាហ៍​អាច​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី

ក្រុងវ៉ាស៊ីនតោន: ស្ត្រី​ដែល​ទទួលទាន​មីស្រុស​យ៉ាង​តិច​២​ដង​ក្នុង​មួយ​សប្ដាហ៍​ប្រឈម​នឹង​អត្រា​កើត​ជំងឺ​លើស​សម្ពាធ​ឈាម លើស​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជាតិ​កូឡេស្តេរ៉ូល​ខ្ពស់។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្មីៗ​នេះ។

ការ​សិក្សា​បាន​ពិនិត្យ​លើ​ទិន្នន័យ​មនុស្ស​ពេញវ័យ​ទាំង​ស្រី​ទាំង​ប្រុស​ជនជាតិ​កូរ៉េ​១០៧១១​នាក់​។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ហាវើត​ដ៏​ល្បីល្បាញ​ក្នុង​ពិភពលោក​មួយ​នេះ​បាន​រកឃើញ​ថា ៦៨​ភាគរយ​នៃ​ស្ត្រី​ដែល​ទទួលទាន​មីស្រុស​លើស​ពី​២​ដង​ក្នុង​មួយ​សប្ដាហ៍​ប្រឈម​នឹង​អត្រា​គ្រោះថ្នាក់​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ។

បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​នេះ​រួម​ចំណែក​ធ្វើឲ្យ​ពួកគេ​កើត​ជំងឺ​បេះដូង ទឹកនោមផ្អែម និង​មាន​ខ្លាញ់​ច្រើន​នៅ​បរិវេណ​ជុំវិញ​ចង្កេះ។ ផលអវិជ្ជមាន​នេះ​កើតឡើង​ចំពោះ​ស្ត្រី​ភាគច្រើន​ជា​ជាង​បុរស។

លោក​សាស្ត្រាចារ្យ ហ្វ្រេង ហ្វូ អ្នកជំនាញ​ផ្នែក​អាហារ និង​សុខភាព​នៅ​សាកលវិទ្យាល័យ​នេះ បាន​បញ្ជាក់​ទៀត​ថា៖ «ការ​ទទួលទាន​មីស្រុស​ម្ដង ឬ​ក៏​២​ដង​ក្នុង​មួយ​ខែ​វា​គ្មាន​បញ្ហា​ទេ តែ​ការ​ញ៉ាំ​វា​ពីរ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ពិតជា​ប៉ះពាល់​ដល់​សុខភាព ជាពិសេស​ស្ត្រី​តែ​ម្ដង»៕

ប្រភព៖ www.postkhmer.com

គេង​ស្រាត​ពេល​រាត្រី​មាន​ប្រយោជន៍​ដល់​សុខភាព



ការសិក្សា​ជា​អន្ដរជាតិ​របស់​មូលនិធិ​ដំណេក​ជាតិ​អាមេរិក បាន​ឲ្យ​ដឹងថា មនុស្ស​ពេញវ័យ​ម្នាក់​ក្នុង​ចំណោម​ ៣​នាក់​មាន​ទម្លាប់​គេងស្រាត ហើយ​ទង្វើ​នេះ​មាន​គុណប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។

ក្រុម​អ្នក​ជំនាញ​សន្និដ្ឋាន​ថា​ដំណេក​ននលគក​អាច​បង្កើន​គុណភាព​ដំណេក​បាន​លក់​ស្កប់ស្កល់ ជួយ​ដុតកាឡូរី និង​ជួយ​ជំរុញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស្អិតល្មួត​ផង​ដែរ​។

គេងស្រាត​ស្មើ​នឹង​ដំណេក​ដ៏លង់លក់​ពេល​រាត្រី

គុណប្រយោជន៍​នៃ​ដំណេក​ស្រាត​គឺ​វា​បាន​ជួយ​បន្ធូរ​ភាពតានតឹង និង​ផ្ដល់​ភាព​ត្រជាក់​ដល់​រាងកាយ ព្រមទាំង​រក្សា​សីតុណ្ហភាព​សមល្មម​សម្រាប់​ខួរក្បាល​។

ការ​រំខាន​ដំណេក​ដោយសារ​តែ​អាកាសធាតុ​ក្ដៅ​ពេក​មិន​ត្រឹមតែ​មាន​ន័យ​ថា លោក​អ្នក​ដេក​បាន​តិច​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អាច​គេង​មិន​ពេញ​ភ្នែក​ទៀត​ផង​។

គេង​ននលគក​ដើម្បី​កម្ចាត់​កាឡូរី​ឥត​បាន​ការ

អ្នក​ដែល​មាន​អារម្មណ៍​ស្អុះស្អាប់​ពេល​រាត្រី និង​ចង់​គេង​ស្រាត អាច​មាន​សារធាតុ​ខ្លាញ់​ពណ៌​ត្នោត​ច្រើន​ដែល​ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​កក់ក្ដៅ​ជាង​អ្នក​ដទៃ​។

ខណៈ​ពេល​ខ្លាញ់​ពណ៌​ត្នោត ដែល​ជា​ពពួក​ខ្លាញ់​ល្អ​ក្នុង​រាងកាយ​នោះ​មាន​កាន់តែ​កើន​ច្រើន ពេល​យើង​ទទួលទាន​អាហារ​មាន​កាឡូរី​លើស​ធម្មតា ខ្លាញ់​ពណ៌​ត្នោត​នោះ​អាច​ដុត​បំផ្លាញ​កាឡូរី​ដែល​លើស និង​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ​ឲ្យ​ប្រក្រតី​ឡើង​វិញ​។ ប៉ុន្ដែ​សីតុណ្ហភាព​ក្នុង​បន្ទប់​ក៏​មិន​គួរ​បន្ថយ​ឲ្យ​ត្រជាក់​ពេក​រហូត​រាងកាយ​មិន​អាច​ទ្រាំ​បាន​ផង​ដែរ មិន​ដូច្នោះ​ទេ​លោក​អ្នក​នឹង​មិន​អាច​គេង​លក់​ឡើយ​។

ជួយ​បន្ទាប​សម្ពាធ​ឈាម

ដៃគូ​រួមគ្រែ​ក៏​អាច​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ​របស់​លោក​អ្នក​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត​ការ​ស្រាត​អាច​ជួយ​ប្រមូល​ផ្ដុំ​អ័រម៉ូន​ម៉្យាង​ឈ្មោះ​ថា​អុកស៊ីតូស៊ីន ជា​អ័រម៉ូន​ដែល​បង្ហាញ​ពី​សុខភាព​មាំមួន​។ អុកស៊ីតូស៊ីន​មាន​ប្រសិទ្ធភាព​ការពារ​បេះដូង និង​បន្ទាប​សម្ពាធ​ឈាម​។ វា​ក៏​ជួយ​ជំរុញ​ប្រព័ន្ធ​ស៊ាំ និង​បន្ថយ​ការ​ថប់​អារម្មណ៍​ផង​ដែរ​។

គុណប្រយោជន៍​នៃ​អ័រម៉ូន​នេះ​ក៏​អាស្រ័យ​លើ​ដៃគូ​ទាំង​សង​ខាង​ពេញចិត្ត​ក្នុង​ការ​គេងស្រាត​សាច់​ប៉ះ​សាច់​ផង​ដែរ​។

ជំរុញ​សេចក្ដី​ស្រឡាញ់​កាន់តែ​ផ្អែមល្ហែម​យូរអង្វែង

អ្នកជំនាញ​ផ្នែក​សិចសាស្ត្រ​បាន​រកឃើញ​ថា អ្នក​ដែល​គេង​អត់​ខោអាវ​មាន​ជីវិត​ផ្អែមល្ហែម​ជាមួយ​ដៃគូ​ជាង​អ្នក​ដែល​ស្លៀកពាក់​ខោអាវ​។ ការ​គេងស្រាត​គឺជា​យុទ្ធសាស្ដ្រ​ដ៏ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ឲ្យ​ដៃគូ​ប៉ះពាល់​ខ្លួន​។

ឈុត​គេង​យប់​អាច​ផ្ដល់​ជា​សារ «​មិនមែន​យប់​នេះ»​។ ផ្ទុយ​ទៅវិញ​ការ​គេង​អាក្រាត​គឺជា​សារ​បើក​ភ្លើង​ខៀវ​ដល់​ដៃគូ​ផ្ដើម​ប្រតិបត្តិការ​។

បញ្ឈប់​ជំងឺ​ឆ្លង

គេង​អត់​ស្លៀកពាក់​អ្វី​សោះ​អាច​ជួយ​ស្ដ្រី​ពី​ការ​ផ្អាប់​ទុក​នូវ​ជំងឺ​ឆ្លង​នានា ដូចជា​បញ្ហា​ស្អុយ​នៅក្នុង​ប្រដាប់ភេទ​ជាដើម​។ មេរោគ​ស្អុយ​ច្រើន​កកើត​នៅ​ទីកន្លែង​ក្ដៅ​ឧណ្ហៗ ពិសេស​តំបន់​កន្លុកកន្លៀត​។ ដូច្នេះ​ការ​ស្លៀកពាក់​រលុង ឬ​ខ្លួន​ទទេ​ស្អាត​គឺជា​ជម្រើស​ដ៏ល្អ​។ បើ​លោក​អ្នក​ស្លៀក​សម្លៀកបំពាក់​ចង្អៀត វា​មាន​ន័យ​ថា បរិវេណ​នោះ​មាន​ខ្យល់​ចេញ​ចូល​តិច​បំផុត​ដែល​ធ្វើឲ្យ​បែកញើស​បង្ក​ឲ្យ​កើត​មេរោគ​បាក់តេរី​នានា។

បើ​លោក​អ្នក​មិន​អាច​គេង​ស្លៀក​ខ្យល់​ដណ្ដប់​មេឃ

អ្នក​ដែល​អៀន​ក្នុង​ការ​គេងស្រាត សូម​ជ្រើសរើស​ឈុត​គេង​រលុង​។ អំបោះ​ធម្មជាតិ ដូចជា រោមចៀម កប្បាស ឬ​សូត្រ​មាន​សំណើម និង​រន្ធ​ខ្យល់​ធ្វើឲ្យ​រាងកាយ​មិន​ក្ដៅហប់ ព្រមទាំង​មាន​អារម្មណ៍​សុខស្រួល​។

គ្រប​ដងខ្លួន ដៃ និង​ជើង​។ ជំនួយ​ភួយសំឡី​ក្រាស់ៗ​មក​ប្រើ​ភួយស្ដើង​ដែល​អាច​បក​មួយ​ស្រទាប់ៗ​ចេញ​នៅពេល​ដែល​អ្នក​មាន​អារម្មណ៍​ក្ដៅ​។

លោក ម៉ៃ ធីបតុន សាស្ដ្រាចារ្យ​ផ្នែក​មនុស្សសាស្ដ្រ និង​សរីរាង្គ​អនុវត្ដ​នៅ​សាកលវិទ្យាល័យ​ផតម៉ោស ណែនាំ​ថា​៖ «ខោអាវ​គេង​គួរ​ប្រើ​ក្រណាត់​ដែល​សម្រួល​ដល់​ចរន្ត​ខ្យល់ និង​សំណើម ទើប​អ្នក​អាច​គេង​បាន​ស្រួល»៕

ប្រភព៖ www.postkhmer.com

គេង​ពី​ព្រលប់​អាច​កាត់បន្ថយ​អារម្មណ៍​អវិជ្ជមាន និង​ស្រេ្តស



ក្រុងញូវយ៉ក: មនុស្ស​ជាច្រើន​គេង​មិន​លក់​នៅពេល​យប់​ដោយ​អារម្មណ៍​វិលវល់ និង​តែងតែ​បារម្ភ​នេះ បារម្ភ​នោះ រួមទាំង​ការងារ និង​អាជីវកម្ម​នា​ពេល​អនាគត។ បច្ចុប្បន្ន អ្នក​ចិត្ដវិទ្យា​បាន​រកឃើញ​ដំណោះស្រាយ​ដ៏សាមញ្ញ និង​មិន​ចំណាយប្រាក់​ច្រើន​នោះ​គឺ ឆាប់​ចូល​គេង។

តាម​ការសិក្សា​ថ្មី​ពី​សាកលវិទ្យាល័យ ប៊ីងហាមតុន បាន​រកឃើញ​ថា អ្នក​ដែល​គេង​តិច និង​ចូល​គេង​យប់ជ្រៅ រមែង​កើត​មាន​អារម្មណ៍​អវិជ្ជមាន​ច្រើន​ជាង​អ្នក​ដែល​គេង​ត្រឹម​ម៉ោង​កំណត់​ទៀងទាត់​។

អ្នក​ចូលគេង​យប់ជ្រៅ ឬ​គេង​តិច​មាន​គំនិត​ទុទិ្ទដ្ឋិនិយម​ដែល​ទំនង​ជា​នឹក​ឃើញ​មក​វិញ​នៅពេល​យប់​ដែល​មិន​អាច​គ្រប់គ្រង​បាន​។ ពួកគេ​ក៏​ទំនង​ជា​ប្រភេទ​មនុស្ស​បារម្ភ​មិន​ចេះ​ឈប់ឈរ​នា​ពេល​អនាគត វិលវល់​ពី​រឿង​អតីត​ខ្លាំង​ដោយ​ជួប​តែ​បញ្ហា​ស្មុគស្មាញ​ក្នុង​អារម្មណ៍​មាន​អាការ​សន្ទះសា​ច្រើន និង​ឧស្សាហ៍​ធ្លាក់​ទឹកចិត្ដ​។

ក្រុម​អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​ថា កង្វះ​ដំណេក​ជា​ប្រចាំ​អាច​ឈាន​ទៅ​ដល់​ការ​វិវត្ដ​នៃ​សតិអារម្មណ៍​កាន់តែ​រ៉ាំរ៉ៃ​។

ដំណេក​តិច​ជាង​៧ ឬ​៨​ម៉ោង អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឡើង​ខ្លាញ់ ធ្លាក់​ទឹកចិត្ដ ហើយ​ក៏​អាច​ជួប​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា ជំងឺមហារីក ជំងឺបេះដូង ទឹកនោមផ្អែម​ប្រភេទ​២ ឡើង​ទម្ងន់​ផង​ដែរ ដោយសារ​តែ​វា​ប៉ះពាល់​ដល់​ប្រព័ន្ធ​ពេលវេលា​តាម​បែប​ជីវសាស្ត្រ​របស់​រាងកាយ៕ 

ប្រភព៖​ www.postkhmer.com

កុមារ​ញ៉ាំ​អាហារ​ទាន់​ចិត្ដ​ច្រើន​អាច​ធ្វើឲ្យ​ការ​សិក្សា​ចុះខ្សោយ

ក្រុងកូឡុំប៊ើស: អាហារ​ទាន់ចិត្ដ​(Fast Food)​ត្រូវ​បាន​ចាត់ទុក​ជា​ចំណី​ប៉ះពាល់​សុខភាព​ចាប់ពី​ការ​ធាត់​ហៀរ​ខ្លាញ់​រហូត​ដល់​ខូច​ស្បែក​។​បច្ចុប្បន្ន​នេះ ការសិក្សា​ថ្មី​មួយ​បាន​រកឃើញ​ថា វា​កាន់តែ​ជះឥទ្ធិពល​អាក្រក់​ដែល​ធ្វើឲ្យ​ថមថយ​ដល់​សមត្ថភាព​ខួរក្បាល​។

ការ​ស្រាវជ្រាវ​រកឃើញ​ថា កុមារ​ដែល​ញ៉ាំអាហារ​ទាន់ចិត្ដ​ច្រើន​បំផុត​ទំនង​ជា​មាន​ពិន្ទុ​គណិតវិទ្យា វិទ្យាសាស្ដ្រ និង​ការ​អាន​អក្សរ​ទាប។

ទ្រឹស្ដី​មួយ​បាន​ស្នើ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ថា កង្វះ​ជាតិដែក​នាំឲ្យ​បន្ថយ​ការ​វិវឌ្ឍ​នៃ​ដំណើរការ​ក្នុង​ខួរក្បាល។ គំនិត​មួយ​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា អាហារ​ដូចជា ហេមប៊ឺហ្គើរ ដំឡូងបារាំង និង​មាន់បំពង ជាដើម​នោះ​សម្បូរ​ជាតិ​ខ្លាញ់ និង​ស្ករ​មាន​ផលអវិជ្ជមាន​ទៅលើ​ដំណើរការ​នៃ​ការ​រៀនសូត្រ​។

ការ​ស្រាវជ្រាវ​បាន​ប្រើ​ទិន្នន័យ​មកពី​លទ្ធផល​នៃ​ការសិក្សា​លើ​កុមារ​៨៥០០​នាក់ នៅ​សហរដ្ឋ​អាមេរិក​ដែល​ញ៉ាំ​អាហារ​ទាន់​ចិត្ដ​ជា​ប្រចាំ​រហូត​ដល់​អាយុ​មុន​១០​ឆ្នាំ​។

ក្នុង​ន័យ​វិទ្យាសាស្ដ្រ កុមារ​ដែល​ញ៉ាំ​អាហារ​ទាន់ចិត្ត​រាល់​ថ្ងៃ ជា​មធ្យម​បាន​៧៩​ពិន្ទុ បើ​ធៀប​នឹង​៨៣​ពិន្ទុ​ចំពោះ​អ្នក​មិន​ធ្លាប់​ញ៉ាំ​អាហារ​ទាន់ចិត្ដ​។

អ្នកស្រី​វេជ្ជបណ្ឌិត ខេលលី ភើតេល (Dr Kelly Purtell) ដែល​បាន​ដឹកនាំ​ការសិក្សា​នៅ​សាកលវិទ្យាល័យ​រដ្ឋ​អូហាយ៉ូ បាន​និយាយ​ថា​៖ «​ការសិក្សា​បាន​ផ្ដល់​ភ័ស្ដុតាង​បញ្ជាក់​ថា ការ​ទទួល​ទាន​អាហារ​ទាន់ចិត្ដ​ក្រៅពី​ពាក់ព័ន្ធ​នឹង​ការ​ឡើង​ទម្ងន់ វា​ក៏​បង្ក​បញ្ហា​ប្រឈម​ផ្សេង​ទៀត​ដូចជា លទ្ធផល​ការ​សិក្សា​ខ្សោយ​»៕

ប្រភព៖ www.postkhmer.com

ការ​ញើសសំបោរ​ពី​រន្ធច្រមុះ​ទាំង​គូ​ព្រម​គ្នា​ប៉ះពាល់​ដល់​សុខភាព

ទីក្រុងឡុងដ៍: តើ​ពិបាក​ដកដង្ហើម ឬ​ក៏​មាន​អារម្មណ៍​ធុញថប់​ណាស់​មែន​ទេ?

លោក​វេជ្ជបណ្ឌិត អាយ៉ា អាល់អាយូប៊ី ជា​ពេទ្យ​ពិគ្រោះ​យោបល់​នៃ​ផ្នែក​ត្រចៀក ច្រមុះ និង​បំពង់ក នៅ​មន្ទីរពេទ្យ ក្នុង​ទីក្រុង​ឡុងដ៍ បាន​ឲ្យ​ដឹង​ថា ការ​តឹង​ច្រមុះ​ដោយសារ​ជំងឺ​ផ្តាសាយ​មិន​បង្ក​ដោយ​សំបោរ​ទេ ប៉ុន្ដែ​ដោយ​ការ​ហើម និង​រលាក​សរសៃ​ឈាម​ក្នុង​ផ្លូវ​ខ្យល់​ច្រមុះ ដែល​មាន​មូលហេតុ​មកពី​ការ​ឆ្លង។

បើ​ទោះបី​ជា​សំបោរ​ព្យាយាម​មក​ភ្ជិត​រន្ធច្រមុះ​នៅពេល​អ្នក​កើត​ជំងឺ​ផ្ដាសាយ​យ៉ាងណា​ក៏ដោយ ក៏​លោក​វេជ្ជបណ្ឌិត អូវេន ហ៊េនលី ជា​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​នៅ​សាកលវិទ្យាល័យ​រដ្ឋ​វីជីនៀ​បាន​និយាយថា ការ​ញើស​សំបោរ​ញឹកញយ​ពេក​អាច​រុញ​ច្រាន​សំបោរ​ចូល​ទៅក្នុង​កន្លែង​ប៉ោង​របស់​សរសៃ​ឈាម​អាអក​ដែល​បង្ក​ការ​ឆ្លង​ជា​លើក​ទី​ពីរ​។

ដូច្នេះ​បើ​ចៀស​មិន​ផុត​ពី​ការ​ញើស​សំបោរ អ្នក​គួរ​តែ​ធ្វើ​ដោយ​ថ្នមៗ ពោល​គឺ​ញើស​ច្រមុះ​ម្ដង​ម្ខាងៗ ហើយ​កុំ​ទៅ​រវល់​នឹង​ការ​ស្រូប​ចំហាយ​ទឹក​ធ្វើ​អ្វី ពីព្រោះ​វា​មិន​អាច​ជួយ​ទម្លាយ​សំបោរ​ដែល​ស្ទះ​ក្នុង​រន្ធ​ច្រមុះ​ឡើយ​។

វិធី​ល្អ​បំផុត​ដើម្បី​សម្អាត​សំបោរ​គឺ​ញើស​ម្ដង​ម្ខាង ដោយ​សង្កត់​ម្រាម​ដៃ​លើ​ផ្នែក​ម្ខាង​ទៀត ខណៈ​អ្នក​ញើស​ថ្នមៗ រួច​ប្ដូរ​ទៅ​ម្ខាង​ទៀត។

ការ​ញើស​សំបោរ​ម្ដង​ទាំង​សង​ខាង បាន​បង្កើន​សម្ពាធ​ទៅក្នុង​កន្លែង​ប៉ោង​របស់​សរសៃ​ឈាម​អាអក​ដែល​អាច​ច្រាល​ទឹក​សំបោរ​ចូល​ក្នុង។ ដើម្បី​បង្រៀន​កូន វា​មាន​សារៈសំខាន់​ក្នុង​ការ​បង្កើត​ចំណេះដឹង​នៃ​ការ​ញើស​សំបោរ​ជា​មុន​៕

ប្រភព៖ www.postkhmer.com

ខំ​ធ្វើ​ការ​ច្រើន​ម៉ោង​ពេក​អាច​បង្ក​ហានិភ័យ​ចំពោះ​សុខភាព​ខ្ពស់



ក្រុង​ប៉ារីស: ប្រាកដ​ណាស់ ខិតខំ​ធ្វើ​ការ​ខ្លាំង​ពេក​នាំ​ឲ្យ​កើត​អារម្មណ៍​ចង់​ផឹក​គ្រឿង​ស្រវឹង។ នេះ​ជា​ការ​លើក​ឡើង​ កាល​ពី​ថ្ងៃពុធ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ព្រមាន​ពី​ហានិភ័យ​ចំពោះ​សុខភាព​​នៃ​ទំនាក់​ទំនង​ទាំង​ពីរ​នេះ​។

ពួក​គេ​បាន​និយាយ​ថា ការ​វិភាគ​​មួយ​ចំណោម​​ការ​សិក្សា​ជា​ច្រើន​លើ​មនុស្ស​ជាង​៤០​ម៉ឺន​នាក់​ បាន​បង្ហាញ​ថា អ្នក​ដែល​ធ្វើ​លើស​ពី​ ៤៨​ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ ជា​វេលា​បំពេញ​ការងារ​អប្បរមា​នៅ​អឺរ៉ុប ទំនង​ជា​នាំ​ឲ្យ​ចិត្ដ​ចង់​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ប្រកប​ដោយ​គ្រោះថ្នាក់​ចំពោះ​​សុខភាព​។ ​

អត្ថបទ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី BMJ បាន​រាយការណ៍​ថា ការ​បំពេញ​ការងារ​ច្រើន​ម៉ោង​បង្កើត​​ចំណង់​ផឹក​គ្រឿង​ស្រវឹង​ច្រើន​រហូត​ដល់​១១​ភាគរយ​។

អ្នក​ធ្វើ​ការ​ចាប់​ពី​ ៤៩​​ ទៅ ៥៤​ម៉ោង ក្នុង​មួយ​សប្ដាហ៍​មាន​ហានិភ័យ​១៣​ភាគរយ​​ បើ​ធៀប​​នឹង​​អ្នក​​ដែល​ធ្វើ​ការងារ​ត្រឹម​តែ​ ៣៥ ទៅ ៤០​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​។ អ្នក​​ធ្វើ​ការ​ចាប់​ពី​ ៥៥​ ​ម៉ោង​ ឬក៏​ច្រើន​ជាង​នេះ​​ជួប​ហានិភ័យ​លើស​អ្នក​ខាង​លើ​ ១២​ភាគរយ។

ទម្លាប់​ផឹក​គ្រឿង​ស្រវឹង​​ដល់​កម្រិត​គ្រោះថ្នាក់​ត្រូវ​កំណត់​ថា​ លើស​១៤​រង្វាស់​ជាតិ​អាកុល​ស្ដង់ដារ​ក្នុង​១សប្ដាហ៍​សម្រាប់​ស្ដ្រី និង​ច្រើន​ជាង ​២១ រង្វាស់​ជាតិ​អាកុល​ដែល​ប្រឈម​​គ្រោះ​​ថ្នាក់​ចំពោះ​សុខភាព​ខ្ពស់​ ដូច​ជា ជំងឺ​ថ្លើម បេះដូង មហា​រីក ដាច់​សរសៃ​ឈាម និង​ផ្លូវ​ចិត្ដ។

រង្វាស់​ស្ដង់​ដារ​នៃ​សារធាតុ​អាកុល ១​កម្រិត​ ​មាន​ចំនួន​ស្មើ​នឹង​១​ភាគ​៣​នៃ​ស្រាបៀរ​កម្រិត​អាកុល​​មធ្យម​១​កំប៉ុង​ ៨៧​មិល្លី​លីត្រ​នៃ​ស្រា​ក្រហម មាន​​ជាតិ​អាកុល​ ១២​ ភាគរយ​ ឬ​ក៏​វីស្គី ២៥​ មិល្លីលីត្រ​៕

ប្រភព៖​ www.postkhmer.com

ការ​កូរ​ពោះ​មិនមែន​សញ្ញា​ត្រូវ​ញ៉ាំ​តាម​ពិត​ក្រពះ​ធ្វើការ​សម្អាត​សោះ



ក្រុងប៊ែរឡាំង : ការ​កូរ​ពោះ​​គ្រូកៗ វា​មិនមែន​មាន​ន័យ​ថា​ អ្នក​ត្រូវ​ដល់​ពេល​ញ៉ាំ​នោះ​ទេ តែ​វា​​ជា​ពេលវេលា​ដែល​ក្រពះ​ទំនេរ​ធ្វើ​ប្រតិបត្តិការ​សម្អាត​អវយវៈ ខ្លួន​វា​ទៅវិញ​ទេ​។

សំអាង​លើ​សៀវភៅ​ថ្មី​មួយ​របស់​អតិសុខុម​ជីវវិទូ កញ្ញា ហ្គីលៀរ អេនឌឺស វ័យ​ ២៥ ​ឆ្នាំ ក្រោម​​ចំណង​ជើង​ថា​ «Gut: The Inside Story Of Our Body's Most Underrated Organ» ដែល​​បាន​លក់​ដាច់​បំផុត​ក្នុង​​ប្រទេស​អាល្លឺម៉ង់ វា​បាន​ធ្វើឲ្យ​អ្នក​​អាន​មាន​ការ​ភ្លឺ​ភ្នែក​យ៉ាងខ្លាំង​។

ក្រពះ​របស់​យើង​កូរ​នៅពេល​យើង​​ឃ្លាន ហើយ​វា​បាន​កើតឡើង​នៅ​គ្រប់​ពេលវេលា​នៅ​ចន្លោះ​ពេល​ទទួលទាន​អាហារ​ទៅ​នឹង​អាហារ​ត្រូវ​បាន​រំលាយ​ (​ពោះ​ទំនេរ)​។

ការ​ទទួលទាន​អាហារ​ដើម្បី​កុំ​ឲ្យ​កូរ​ពោះ​នឹង​បញ្ឈប់​​​សំឡេង​ក្រូកក្រាក​ភ្លាម​។ ប៉ុន្តែ​ការ​ញ៉ាំ​អាហារ​​​មាន​ន័យ​ថា ពោះ​នឹង​មិន​​ទំនេរ​ឡើយ​។ នេះ​គឺជា​ហេតុផល​មួយ​ដែល​អ្នក​វិទ្យាសាស្ដ្រ​ផ្នែក​ជីវជាតិ​មួយ​ចំនួន​បាន​ណែនាំ​ថា យើង​ទុក​ពោះ​ឲ្យ​ទំនេរ​រយៈពេល​ ៥ ​ម៉ោង​ពី​ចន្លោះ​អាហារ​មួយ​ពេល​ទៅ​អាហារ​មួយ​ពេល​ទៀត។

ការ​កូរ​ពោះ​បែប​នេះ​មិនមែន​ជា​អាការ​ឈឺ​ក្រពះ​ឡើយ។ ក្រពះ​លាតសន្ធឹង​ចាប់ពី​ផ្នែក​ខាង​ក្រោម​សុដន់​​​ឆ្វេង​ ទៅ​ចុង​ផុត​ខាង​ក្រោម​​ឆ្អឹង​ជំនីរ​ខាង​ស្ដាំ​ ដែល​​ស្ថិត​នៅ​ខ្ពស់​ឆ្ងាយ​ពី​ការ​គិត​​របស់​មនុស្ស​ភាគច្រើន​។

ការ​ឈឺចាប់​ផ្នែក​ខាង​ក្រោម​ពី​ទីតាំង​រៀបរាប់​ខាងលើ​មិន​អាច​ចាត់ទុក​ជា​ការ​ឈឺ​ក្រពះ​ឡើយ​។ ពេល​ខ្លះ​អាច​មាន​ការ​ច្រឡំ​ថា​ឈឺ​ក្រពះ ការពិត​អាច​ជា​ការ​ឈឺ​ពោះវៀន​ទេ​៕

ប្រភព៖ www.postkhmer.com

អត់​ដុស​ធ្មេញ​តែ​ ២ ​សប្ដាហ៍​​អាច​បង្ក​ហានិភ័យ​ចំពោះ​សុខភាព​រាប់រយ​ជំពូក

ក្រុងឡុងដ៍: ការ​ពិសោធ​ដែល​ធ្វើ​ឡើង​ជាមួយ​សាស្ដ្រាចារ្យ អៀន ឆាបផល នៅ​មហាវិទ្យាល័យ​ទន្ដវិទ្យា​នៃ​សាកលវិទ្យាល័យ​ប៊ឺមីងហេម បង្ហាញ​ថា គ្រាន់តែ​អត់​ដុស​ធ្មេញ​រយៈពេល​​តែ​ ២ ​សប្ដាហ៍ ពិតជា​ធ្វើឲ្យ​អន្ដរាយ​ដល់​ប្រព័ន្ធ​ផ្សាំង​ជំងឺ​យ៉ាង​ខ្លាំង​។

ការ​ធ្វើ​តេស្ដ​នៅ​មន្ទីរពិសោធ​ដោយ​ប្រើ​កោសិកា​ឈាម​ស ទៅ​លើ​ប្រព័ន្ធ​ផ្សាំង​ជំងឺ​របស់​ទាហាន បង្ហាញ​ថា ប្រព័ន្ធ​ផ្សាំង​ពួកគេ​កាន់តែ​ចុះ​ខ្សោយ​ដែល​ងាយ​រង​ជំងឺ​ឆ្លង នៅពេល​ពួកគេ​ត្រូវ​បាន​ណែនាំ​ឲ្យ​ឈប់​ដុស​ធ្មេញ​។

លទ្ធផល​នេះ​បាន​បញ្ជាក់​ថា រាងកាយ​​ទាំង​មូល​​រង​ផល​ប៉ះពាល់ ខណៈ​​ក្នុង​បរិវេណ​មាត់​ធ្មេញ​ត្រូវ​វាយប្រហារ​ដោយ​មេរោគ​ឆ្លង​។

ការ​រកឃើញ​ផ្នែក​វិទ្យាសាស្ដ្រ​នា​ពេល​បច្ចុប្បន្ន បង្ហាញ​ថា បើ​មាត់​ធ្មេញ​របស់​អ្នក​រលាក​ធ្ងន់ធ្ងរ វា​នឹង​ប៉ះពាល់​លើ​សុខភាព​នៃ​សព៌ាង្គកាយ​ផ្សេងៗ​ទៀត និង​អាយុ​ជីវិត​របស់​​អ្នក​យ៉ាង​ខ្លាំង​ផង​ដែរ​។

វា​ពិតជា​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​នៃ​ជំងឺ​មួយ​ចំនួន ដូចជា បេះដូង ទឹកនោមផ្អែម​ប្រភេទ​ ២ ប្រព័ន្ធ​សរសៃ​ប្រាសាទ សាច់​សរសៃ​ឈាម និង​​មហារីក​​។

សាស្ដ្រាចារ្យ ឆាបផល បាន​អះអាង​ថា ការ​រលាក​បែប​នេះ​អាច​ជាសះស្បើយ​​វិញ បើ​អ្នក​ទុក​វា​តែ​ប៉ុន្មាន​សប្ដាហ៍​។ ប៉ុន្ដែ​បើ​អ្នក​បណ្ដោយ​ឲ្យ​ជំងឺ​អញ្ចាញ​ធ្មេញ​បន្ដ​រាតត្បាត​រយៈពេល​យូរ វា​ប្រាកដ​ជា​កាន់តែ​រ៉ាំរ៉ៃ ពិបាក​ស្រោច​ស្រង់​។

ជំងឺ​អញ្ចាញ​ធ្មេញ​មិន​ត្រឹមតែ​ប៉ះពាល់​​មាត់​ធ្មេញ​របស់​អ្នក​ទេ ប៉ុន្ដែ​វា​អាច​​ធ្វើឲ្យ​អ្នក​អាយុ​ខ្លី​។ ដូច្នេះ ការ​ថែទាំ​មាត់ធ្មេញ​ជា​ការ​​ថែទាំ​សុខភាព​ដ៏​ចាំបាច់​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​៕

ប្រភព៖ www.postkhmer.com

កង្វះ​ដំណេក​មួយ​រាត្រី​សមល្មម​សម្រាប់​ជំរុញ​វ័យ​ឲ្យ​កាន់តែ​ឆាប់​ចាស់



ក្រុងឡុងដ៍: កង្វះ​ដំណេក​មួយ​រាត្រី​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ខ្ជិល​ច្រអូល និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​បំពេញ​ការងារ ប៉ុន្ដែ​​វា​ក៏​អាច​រំខាន​ដល់​ប្រសិទ្ធភាព​ការងារ​ច្រើន​ផង​ដែរ​។

ក្រុម​អ្នក​ស្រាវជ្រាវ​រកឃើញ​ថា ដំណេក​គ្រប់គ្រាន់​របស់​បុគ្គល​ណា​ម្នាក់​អាច​ភ្លាត់​ចេញ​ពី​គន្លង​ល្អ​ដោយ​គ្រាន់តែ​មាន​ការ​រំខាន​តែ​មួយ​រាត្រី​ប៉ុណ្ណោះ​។

ជាក់ស្ដែង​ការ​ចូល​គេង​ពេល​យប់​ជ្រៅ​ពេក​ដោយ​ក្រោក​ពី​ព្រលឹម ឬ​ភ្ញាក់​កណ្ដាល​អធ្រាត្រ​សមល្មម​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ជ្រីវជ្រួញ​។ វា​ថែម​ទាំង​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ដ​ជំងឺ​ទៀត​ផង​។

កង្វះ​ដំណេក​រួមមាន មួយ​រាត្រី​មិន​ស៊ាំ​នឹង​ទីកន្លែង​ដំណេក​មួយ​រាត្រី​ដំណេក​គ្មាន​ការ​រំខាន មួយ​រាត្រី​ដំណេក​មិន​ស្កប់​ដែល​ពិបាក​ធ្មេច​ភ្នែក​នៅ​ចន្លោះ​ម៉ោង​ ៣ ​ទៀបភ្លឺ​ទៅ​ម៉ោង​ ៧ ​ព្រឹក និង​មួយ​រាត្រី​ដំណេក​សង​គ្មាន​ការ​រំខាន​។

ជាទូទៅ​បញ្ហា​ទាំងអស់​ខាង​លើ​បាន​បញ្ឈប់ ឬ​ក៏​រំខាន​ដល់​ដំណើរ​វិលវល់​នៃ​កោសិកា​ដែល​ធ្វើឲ្យ​មនុស្ស​ឆាប់​ចាស់​មុន​អាយុ​កាល​។

វេជ្ជបណ្ឌិត ខារ៉ូល ​បាន​និយាយ​ចំពោះ​ការ​រក​ឃើញ​របស់​ខ្លួន​ថា​៖ «​ទិន្នន័យ​របស់​យើង​បាន​គាំទ្រ​ដល់​សម្មតិកម្ម​ថា ដំណេក​មួយ​​រាត្រី​មិន​ស្កប់ស្កល់​ចំពោះ​មនុស្ស​វ័យ​ជ្រេ​អាច​បង្ក​បញ្ហា​ដល់​ការ​វិវត្ដ​វ័យ​កាន់តែ​ឆាប់​រហ័ស​»។

គួរ​ឲ្យ​កត់សម្គាល់​ថា ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​​តាម​អនឡាញ​នៃ​ទស្សនាវដ្ដី ដំណេក​ និង​ត្រូវ​បាន​ធ្វើ​បទបង្ហាញ​នៅ Sleep 2015 ជា​ជំនួប​ប្រចាំ​ឆ្នាំ​នៃ​សមាគម​សង្គម​ដំណេក​ជំនាញ (APSS)​៕ 

ប្រភព៖​ www.postkhmer.com

មើល​សៀវភៅ​មុន​ចូល​គេង​បង្កើន​ការ​ចងចាំ​ល្អ​សម្រាប់​ត្រៀម​ប្រឡង

ក្រុងអ៊ិចសេធ័រ: ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​រកឃើញ​ថា​ដំណេក​ជះ​ឥទ្ធិពល​​ស្ទើរតែ​ពាក់កណ្ដាល​នៃ​ការ​ចងចាំ​នូវ​ព័ត៌មាន​នានា​ដែល​ភ្លេច​នា​ពេល​កន្លង​មក។​

ពួកគេ​បាន​បង្ហាញ​នូវ​ថា​ដំណេក​ជួយ​រំឭក​ការ​ចងចាំ​នូវ​ព័ត៌មាន​ពី​អតីត​ដែល​​បាន​បំភ្លេច​ និង​បង្កើន​ភាព​ចងចាំ​កាន់តែ​ជាក់​ច្បាស់។

ក្រុម​អ្នកស្ម័គ្រ​ចិត្ដ​ដែល​បាន​ចូលរួម​ក្នុង​ការ​សិក្សា​ត្រូវ​បាន​សួរ​នាំ​អំពី​ការ​ចងចាំ​ពាក្យពេចន៍​ទាំង​មុន​ពេល​ចូល​ដេក ឬ​ក្រោយពី​អត់​បាន​ដេក​រយៈពេល ១២ ម៉ោង​។

ការ​សិក្សា​រកឃើញ​ថា​អ្នក​បាន​ដេក​ពិតជា​អាច​រំឭក​ការ​ចងចាំ​ពាក្យពេចន៍​បាន​ល្អ​ប្រសើរ​ជាង​អ្នក​ដែល​មិន​បាន​ដេក​ច្រើន​ម៉ោង​។

ការ​ស្រាវជ្រាវ​អំពី​ដំណេក​នេះ​​បាន​បង្ហាញ​ថា​ការ​ខំប្រឹង​រៀន​នៅ​នាទី​ចុងក្រោយ​សម្រាប់​​ត្រៀម​ប្រឡង​មុន​ពេល​ចូល​ដេក​អាច​ជា​យុទ្ធសាស្ដ្រ​ដ៏​ប្រសើរ​​សម្រាប់​ការ​សិក្សា​។

វេជ្ជបណ្ឌិត​ផ្នែក​ចិត្ដវិទ្យា នីកូឡាស ឌូម៉េ មកពី​សាកលវិទ្យាល័យ​អ៊ីចសេធ័រ និយាយ​​ថា​៖ «​ដំណេក​បង្កើន​ឱកាស​ចងចាំ​នូវ​រឿងរ៉ាវ​ពី​អតីត​ដែល​បាន​ភ្លេចភ្លាំង​ទៅ​ហើយ​រហូត​ដល់​​ទ្វេដង​។ ក្រោយពី​សម្រាក​ដើម្បី​ជួយ​បង្កើន​ថាមពល​​នៃ​ការ​ចងចាំ​អាច​សបញ្ជាក់​ថា​ការ​ចងចាំ​ខ្លះ​ត្រូវ​បាន​រំឭក​ឲ្យ​នឹក​ឃើញ​ឡើង​វិញ​នូវ​រយៈពេល​តែ​មួយ​រាត្រី​»។

អ្នកស្រី​បាន​បន្ដ​ទៀត​ថា​៖ «​ខណៈ​ពេល​ដេក​ខួរ​ក្បាល​របស់​យើង​បាន​រំឭក​ព័ត៌មាន​នានា​រួមទាំង​ចំណារ​សំខាន់ និង​មិន​សំខាន់​ផង​ដែរ​»។

អំឡុង​ពេល​មនុស្ស​ម្នាក់​ដេក​លក់​យ៉ាង​ស្កប់ស្កល់​ហេតុការណ៍​ដែល​បាន​​សរសេរ​ទុក​នា​ពេល​កន្លងមក​ថ្មីៗ​ត្រូវ​បាន​នឹក​ឃើញ​ និង​រំឭក​នៅ​ផ្នែក​ខ្លះៗ​ដែល​​ខួរក្បាល​។

លទ្ធផល​នេះ​ត្រូវ​បាន​រាយការណ៍​ក្នុង​ទស្សនាវដ្ដី Cortex៕

ប្រភព៖ www.postkhmer.com

ភ័ស្ដុតាង​ជាច្រើន​បង្ហាញថា ​អាហារ​បំពង​បង្ក​ហានិភ័យ​ជំងឺបេះដូង​ខ្ពស់



ក្រុងម៉ៃអាមីៈ​ មនុស្ស​ដែល​និយម​ទទួល​ទាន​អាហារ​បំពង និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករច្រើន​ មានអត្រា ៥៦ ភាគរយ​ប្រឈម​នឹង​ជំងឺបេះដូង​ជាង​អ្នក​ទទួល​ទាន​សុខ​ភាព​។

នេះ​បើ​យោង​តាម​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក​បាន​បង្ហើប​ឲ្យ​ដឹង​កាល​ពី​ថ្ងៃចន្ទ​​កន្លង​មក។​បើតាម​ព្រឹត្តិបត្រ Circulation ​AHA ឲ្យ​ដឹងថា​ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ចំណាយពេល ៦ ឆ្នាំ​លើ​មនុស្ស ១៧០០០ នាក់​នៅ​សហរដ្ឋ​អាមេរិក។​

ក្រុម​អ្នក​ស្រាវជ្រាវ​រកឃើញ​ថា អ្នក​ដែល​ចូលចិត្ត​ទទួល​ទាន​អាហារ​របស់​អ្នកភូមិ​ភាគ​ខាង​ត្បូង ​រួម​មាន ​ម្ហូប​អាហារ​បំពង ស៊ុត សាច់​កែច្នៃ ដូចជា សាច់​ជ្រូកបីជាន់ សាច់​ភ្លៅជ្រូក​ និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករនោះ ពួកគេ​ប្រឈម​នឹង​ការ​កើត​ជំងឺ​គាំង​បេះដូង ឬ​ជំងឺ​ពាក់​ព័ន្ធ​នឹង​បេះដូង​ដែល​អាច​បាត់បង់ជីវិត​ក្នុង​ពេល ៦ ឆ្នាំ​ទៅ​មុខ​ទៀត។​

ចេមស៍ ស៊ីកានី​ ប្រធាន​ក្រុម​ស្រាវជ្រាវ​ឯកទេស​រោគ​រាតត្បាត​នៃ​សាកល​វិទ្យាល័យ​អាឡា​បាម៉ា​ផ្នែក​ថ្នាំ​បង្ការ​នៅ​ឯ​ទីក្រុង​ប៊ឺរមីងហេម ​ឲ្យ​ដឹង​ថា៖ «មិន​ថា​ភេទស្រី ឬប្រុស ជាតិ​សាសន៍ណា ឬ​រស់​នៅទី​ណាទេ ​បើ​ទទួល​ទាន​អាហារ​ប្រភេទ​នៅ​ភូមិ​ភាគ​ខាង​ត្បូង​ លោក​អ្នក​គួរ​តែ​ស្វែងយល់​ពី​គ្រោះ​ថ្នាក់​ដែល​ប្រឈម​នឹង​ជំងឺ​បេះដូង​ ហើយ​គួរ​តែ​ព្យាយាម​ផ្លាស់​ប្តូរ​ទម្លាប់​ទទួល​ទាន​អាហារ​ទាំងនោះ​ឡើង​វិញ»។ ​

ចេមស៍ ស៊ីកានី បាន​បន្ថែម​ថា៖ «​ព្យាយាម​កាត់​បន្ថយ​នូវ​អាហារ​បំពង​ទាំងឡាយ​ ឬ​ក៏​សាច់​កែច្នៃ​នានា​ពី​រាល់​ថ្ងៃមកត្រឹម​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​វិញ​ ដោយ​ចាប់ផ្តើម​ទទួល​ទាន​ម្ហូប​អាហារប្រភេទ​មាន់​អាំង ឬក៏​មាន់​ដុត ឬទទួលទាន់​បន្លែ​ឲ្យ​បាន​ច្រើន»៕

ញ៉ាំ​ម្ទេស​សម្រក​ទម្ងន់



ក្រុងអាឌើឡែន: ថ្មីៗ​នេះ​មានការ​ស្រាវជ្រាវ​មួយ​ទៀត​ហើយ​ដែល​បាន​រក​ឃើញ​ថា អាហារ​មាន​ជាតិហឹរជួយធ្វើ​ឲ្យ​អ្នក​ទទួលទាន​មាន​អារម្មណ៍​ឆាប់ឆ្អែត និង​ការពារ​កុំឲ្យ​អ្នកញ៉ាំលើស​ចំណុះហើយ​ឡើង​ទម្ងន់។

អ្នក​ជំនាញ​បាន​ពន្យល់ថា ក្រពះ​មនុស្ស​រីកមាឌពេល​ដែល​យើង​ឆ្អែត ហើយ​វា​នឹង​ភ្ញោច​ប្រព័ន្អប្រសាទ​ឲ្យ​​ផ្ដល់សញ្ញា​ប្រាប់​អ្នក​ញ៉ាំ​ថា វា​ទទួល​បានអាហារ​គ្រប់គ្រាន់​ហើយ។

ផ្ទុយទៅ​វិញ អាហារ​មានជាតិ​ខ្លាញ់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ទទួលព័ត៌មាន​ ដែល​ធ្វើ​ឲ្យ​អ្នកញ៉ាំ​ប្រឹងញាត់​អាហារហូត​ដល់ហល់​ក៏​មិនដឹង​ថាឆ្អែត។

សាស្ត្រាចារ្យ អាមេនដា ផេក នៃ​សាកលវិទ្យាល័យ​អាឌើឡែន ​ដែល​ជា​អ្នក​ស្រាវជ្រាវពី​អាហារ​ហឹរ និង​សុខភាព បាន​រកឃើញ​ថា​សារធាតុ Capsaicin ជាជាតិហឹរ​ផ្ទុក​នៅក្នុង​ម្ទេស។

វាត្រូវ​បាន​គេ​រកឃើញថា អាច​ពញ្ញាក់​សាច់ដុំ​ក្រពះ ដើម្បី​បញ្ចេញ​សញ្ញា​ថា​ឆ្អែត ធ្វើ​ឲ្យអ្នក​ញ៉ាំលែង​បន្ដ​ទទួលទាន​ទៀត។ ការញ៉ាំ​មិនលើស​ចំណុះ​ក៏​អាច​រក្សា​ទម្ងន់​ផងដែរ៕

ប្រភព៖ www.postkhmer.com

អ្នកគេងមិនគ្រប់គ្រាន់​ប្រឈម​នឹង​ជំងឺ​ផ្ដាសាយ​ខ្ពស់ជាង​ធម្មតា​ដល់ទៅ ៤ ដង



ក្រុងម៉ៃអាមី: ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក និយាយ​កាល​ពី​ថ្ងៃ​ចន្ទថា អ្នកដែល​មិនបាន​គេងគ្រប់​គ្រាន់ ប្រឈម​នឹង​ជំងឺ​ផ្ដាស្ដាយ​ខ្ពស់ជាង ៤ ដង​ធៀបនឹង​អ្នក​គេង​បរិបូរណ៍​។

លទ្ធផល​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ដំណេក​ គឺ​ផ្អែក​លើ​ការ​សិក្សា​ពី​ក្រុមអ្នកស្ម័គ្រ​​ចិត្ត ១៦៤ នាក់ ​ដោយ​សុខចិត្ត​ចម្លង​ជំងឺផ្ដាសាយ​ និង​ឲ្យ​ក្រុម​ស្រាវជ្រាវ​តាមដាន​អំពី​ដំណេក។

លទ្ធផល​បាន​បង្ហាញ​ថា អ្នក​គេង​តិចជាង ៦ ម៉ោងក្នុង​មួយ​រាត្រី​ពេញ​មួយ​សប្ដាហ៍​ ប្រឈម​ហានិភ័យ​ជំងឺផ្ដាសាយ​ដល់ ៤,២ ដង​បើ​ធៀប​នឹងអ្នក​ដែលគេង​លើសពី ៧ ម៉ោង​។

អ្នក​គេង​តិច​ជាង​ ៥ ម៉ោង​ក្នុង​មួយ​រាត្រី កាន់តែងាយ​កើត​ជំងឺ​ផ្ដាសាយ​ដល់ ៤,៥ ដង។

វេជ្ជបណ្ឌិត អារិក ប្រាធ័រ ជំនួយការ​សាស្ដ្រាចារ្យផ្នែក​ជំងឺ​ចិត្តសាស្រ្ដ​នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រនីញ៉ា​នៃ​រដ្ឋសានហ្រ្វានស៊ីស្កូ និង​ជា​អ្នកដឹកនាំ​ការសិក្សា ថា៖ «​វាមិន​ពាក់ព័ន្ធ​នឹង​វ័យ​ កម្រិត​ស្រ្ដេស ជាតិ​សាសន៍ ការ​អប់រំ ឬ​ចំណូលរបស់​ពួកគេទេ​។ វា​មិនបញ្ហា​ទេ បើ​ពួកគេ​ជា​អ្នកជក់បារី​ឬ​អត់​នោះ​។ សំខាន់​ ដំណេក​ស្កប់ស្កល់​នៅ​តែមាន​ប្រសិទ្ធ​ភាព​ចំពោះ​សុខភាព​»។

ការសិក្សា​ជា​ច្រើន​បានភ្ជាប់​កង្វះ​ដំណេក​ទៅនឹង​ជំងឺរ៉ាំរ៉ៃ​ ការ​ស្លាប់​មុនអាយុ ងាយ​ឆ្លងរោគ​ គ្រោះ​ថ្នាក់រថយន្ដ ជំងឺ​ពាក់ព័ន្ធ​នឹង​ការងារ និង​​ឱសថ​គ្មាន​ប្រសិទ្ធភាព​៕

ប្រភព៖ www.postkhmer.com

អ្នកជំនាញ​ថា ងូត​ទឹកដុស​សាប៊ូ​រាល់ថ្ងៃ​ អាច​មិន​ល្អ​ដល់សុខភាព​

ក្រុងវ៉ាស៊ីនតោន: ជា​ទូទៅ មនុស្ស​យើង​ម្នាក់​ៗ​មិនអាច​គេងលក់​ស្រួល​ឡើយ​បើមិនបាន​ងូតទឹក​។ ប៉ុន្ដែ​ការ​សម្អាត​កាយា​ឥតខ្ចោះពេក​បែរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទៅវិញ។ ​

វេជ្ជបណ្ឌិត រ៉ូប៊ីន ឆាតកាន់​ មក​ពី​មជ្ឈមណ្ឌលស្ដ្រី​ផ្នែកសរីរាង្គ​សម្រាប់​រំលាយ​អាហារ​ បាន​​និយាយ​ថា ការងូត​ទឹក​ដុសសាប៊ូ​រាល់ថ្ងៃ​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រព័ន្ធ​ផ្សាំង​ជំងឺ។

អ្នកស្រី វេជ្ជបណ្ឌិត ដែល​ជាអ្នកនិពន្ធ​សៀវភៅ Microbiome Sol​ution បានឲ្យដឹងថា សាប៊ូ​បាន​កម្ចាត់​បាក់តេរី​លើ​ស្បែក​ដែលមាន​តួនាទី​រារាំង​ការរំខាន​ជាច្រើន ដូចជា ជំងឺរមាស់ និង​ដំបៅ​តាអក​។

រាង​កាយ​មនុស្ស​ផ្ទុកបាក់តេរី​រាប់ពាន់​លាន​ក្បាល​លើ​ស្បែក​ និង​នៅក្នុងពោះ​វៀន ​ឈ្មោះ​ថា មីក្រូ​បៃអូ​ ដែល​ជួយ​ធ្វើឲ្យសុខភាព​យើង​មាន​តុល្យភាព។

អ្នក​ស្រី ឆាតកាន់ បាន​បន្ដ​ថា សាប៊ូ​ល្មមៗ​ដែលបានផលិត​ពី​គ្រឿង​ផ្សំ​សរីរាង្គ​គឺជា​ផលិតផល​ដ៏ស័ក្ដិសម​ដែល​អ្នកស្រី​បាន​ណែនាំ។

អ្នកស្រី បាន​លើក​ឡើង​ថា​ សាប៊ូ​ប្រ​ឆាំង​បាក់តេរីភាគច្រើន​ត្រូវ​បាន​ប្រើ​សារធាតុ​គីមី​ដែល​បំផ្លាញបាក់តេរី​ជួយ​ស្បែក​។ បរិវេណ​ដែល​គួរ​ប្រើ​សាប៊ូដុស​លាង​ជា​ប្រចាំ​គឺ​នៅ​ក្លៀក និង​ក្រលៀនកៀន​កោះ​ប៉ុណ្ណោះ​។

ទីតាំង​សព៌ាង្គ​កាយ​ផ្សេង​ៗ​ទៀតអាចលាង​ទឹក​សម្អាត​ធម្មតា​បាន​បើ​ទោះបីជាបែកញើស​ក្រោយ​លេង​កីឡា​យ៉ាង​ណា​ក៏ដោយ​។

មនុស្ស​គ្រប់​រូប​គួរ​តែ​ប្រុង​ប្រយ័ត្ន​ ដោយ​ត្រូវ​លាង​សម្អាតដៃ​ជា​ប្រចាំ​ជាមួយ​សាប៊ូ​ និង​ទឹក​ក្ដៅ​ឧណ្ហៗ​យ៉ាងតិចណាស់​ក៏ ២០ វិនាទីដែរ៕

ប្រភព៖ www.postkhmer.com

ញ៉ាំអាហារ​ចម្អិន​នៅ​ផ្ទះ​ កាត់បន្ថយ​ទឹកនោម​ផ្អែម

ក្រុងបូស្តុន: ការ​ផ្លាស់ប្ដូរ​ទម្លាប់ញ៉ាំ​អាហារ​ឆ្អិន​ស្រាប់​តាម​ហាង ​មកទិញបន្លែសាច់​ចម្អិន​ញ៉ាំ​នៅ​ផ្ទះ​​ដោយ​ខ្លួនឯង អាចកាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ ២ បាន​គួរ​ឲ្យកត់​សម្គាល់។​

ការ​ស្រាវជ្រាវ​ថ្មីមួយបាន​រក​ឃើញ​ថា ​អ្នក​ញ៉ាំ​អាហារពេលថ្ងៃ​ត្រង់ និងល្ងាច​ចម្អិន​នៅផ្ទះ​ជា​ប្រចាំ ២ ដង​ក្នុងមួយថ្ងៃ​អាចកាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​ទឹក​នោមផ្អែមបាន ១៣ ភាគ​រយ បើ​ធៀប​នឹង​អ្នកដែល​ញ៉ាំ​អាហារ​នៅផ្ទះមិន​ដល់ ៦ ដង​ក្នុង​មួយ​សប្ដាហ៍។

នេះ​ដោយសារតែ​ម្ហូ​ប​អាហារ​ចម្អិន​នៅ​ផ្ទះមាន​គ្រឿង​ផ្សំជួយរក្សា​ទម្ងន់ និង​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​មិនសូវស្រូបជាតិ​ស្ករ ខ្លាញ់ ព្រមទាំង​សារធាតុ​រក្សាទុកអាហារ​ឲ្យ​បានយូរ។លទ្ធផល​នៃ​ការសិក្សានេះ​បន​ទាញ​ចេញ​ពី​ការ​ស្រាវជ្រាវ​រយៈពេល ៣៦ ឆ្នាំ​ ដោយវិភាគ​លើ​ទិន្នន័យ​សុខភាព​មនុស្ស​ប្រុស​ស្រីជិត ១០ ម៉ឺន​នាក់​នៅ​សហរដ្ឋ​អាមេរិក។

វេជ្ជបណ្ឌិត​ ហ្គេន ជុង អ្នក​ស្រាវជ្រាវ​ផ្នែកជីវជាតិ​បំប៉ននៅ​សាកលវិទ្យាល័យ​សុខាភិបាល​សាធារណៈ Harvard T.H. Chan School ក្រុង​បូស្តុន រដ្ឋ​ម៉ាសាឈូសេត​ បាន​និយាយ​ថា៖ «ទំនោរ​នៃ​ការ​ទទួលទាន​​អាហារ​ឆ្អិនស្រាប់​ ឬ​ម្ហូប​ខ្វប់​នៅ​តាម​ភោជនីយដ្ឋាន បាន​រីកសាយ​ភាយទូទាំង​សហរដ្ឋ​អាមេរិកនៅ ៥០ ឆ្នាំចុងក្រោយ​នេះ ស្របនឹង​អត្រា​កំណើន​នៃ​អ្នកកើតជំងឺទឹក​នោម​ផ្អែម​ប្រភេទ​ពីរផងដែរ»។

បើទោះ​ជា​ការស្រាវជ្រាវ​នេះ​មិន​បានកំណត់ថា​ តើ​គួរចម្អិន​ម្ហូបញ៉ាំ​នៅ​ផ្ទះ​ប៉ុន្មានដង​ក្នុង​មួយ​សប្ដាហ៍​ទើប​ល្អ​ក្ដី ក៏វេជ្ជបណ្ឌិត ​ហ្គេន ជុង បាន​ជំរុញ​ថា បើ​ឧស្សាហ៍ចម្អិនអាហារ​ទទួលទាន​នៅ​ផ្ទះ​កាន់តែញឹកញាប់ គឺ​កាន់តែ​ប្រសើរ។​

លទ្ធផល​នៃ​ការ​សិក្សា​នេះ​នឹងត្រូវយក​ទៅ​ធ្វើបទ​បង្ហាញនៅ​កិច្ចប្រជុំ​សមាគម​បេះដូង​អាមេរិកឆ្នាំ ២០១៥៕
 

Sample text

Sample Text

Sample Text

 
Blogger Templates