ការសិក្សាបានសង្កត់ធ្ងន់ថា មនុស្សរាប់លាននាក់ក្នុងពិភពលោកបានកើតជំងឺដោយមិនដឹងខ្លួន ព្រោះតែពួកគេមិនបានចាប់អារម្មណ៍ពីកត្តាអនាម័យនៅលើគ្រែគេង។
ធូលីដី ប្រេង សត្វល្អិត និងកោសិកាងាប់ដែលជាប់នឹងខ្នើយភួយអាចជាដើមចមនៃជំងឺកើតមុន និងអាលាក់ហ្ស៊ីស្បែក ឬច្រមុះជាដើម។
យោងតាមការស្ទាបស្ទង់មតិរាប់ពាន់នាក់ មនុស្សប្រមាណជា៨៥ភាគ រយមិនបានដឹងថាពួកគេត្រូវតែប្ដូរខ្នើយ និងភួយនោះទេ។
វេជ្ជបណ្ឌិត រ៉ូប៊ើត អ៊ុកមេន មកពីវិទ្យាស្ថានដំណេកនៅរដ្ឋណ័រស៍ការ៉ូឡាញណា សហរដ្ឋអាមេរិក បានឲ្យដឹងថា ការគេងនៅលើខ្នើយដែលកខ្វក់ មានប្រេង ធូលី និងកោសិកាងាប់ ងាយនឹងធ្វើឲ្យមុខកើតមុន។
អ្នកជំនាញ រូបនេះក៏បានលើកឡើងផងដែរថា ខ្នើយចាស់មិនត្រឹមតែខ្វះអនាម័យនោះទេ វាថែមទាំងមានសភាពរឹងមិនអាចទ្រទ្រង់ទម្ងន់ក្បាល និងស្មាឲ្យបានល្អទៀតផង។
ក្រុមប្រឹក្សាផ្នែកដំណេកបានស្នើឲ្យប្ដូរខ្នើយជារៀងរាល់២ឆ្នាំ និងភួយរៀងរាល់៥ឆ្នាំម្ដងដើម្បីផ្ដល់ផាសុកភាពនៅពេលគេង។ ចំពោះប្រភេទខ្នើយវិញ អ្នកដែលនិយមគេងផ្កាប់ ឬផ្ងារគួរតែជ្រើសរើសយកខ្នើយណាដែលស្ដើង រីឯអ្នកដែលគេងផ្អៀងគួរទិញខ្នើយទន់ហើយប៉ោងទើបល្អ៕
ប្រភព៖ www.postkhmer.com