អាហារសម្រន់កណ្ដាលអាធ្រាត្របង្កើនហានិភ័យដែលធ្វើឲ្យខូចសរីរសាស្រ្ដខួរក្បាល។
ពួកគេបានរកឃើញថា ការទទួលទានអាហារនៅពេលគេងអាចនាំឲ្យបញ្ហាក្នុងការរៀនសូត្រ និងការ ចងចាំចុះខ្សោយ។
បម្រែបម្រួលទាំងនេះកើតឡើងក្នុងបរិវេណដ៏សំខាន់នៃខួរក្បាលហៅថា ហ៊ីបផូខេមផាល (hippocampal) ជាតំបន់តភ្ជាប់ទៅនឹងទម្រង់នៃការចងចាំ និងរក្សាទុក ព្រមទាំងចិត្តអារម្មណ៍។
ក្រុមអ្នកវិទ្យាសាស្រ្ដមកពីសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ក្រុងឡូសអេនជឺលេស បានស៊ើបអង្កេតអំពីការញ៉ាំអាហារខុសម៉ោងខុសវេលា។
ទម្លាប់ទទួលទានខុសវេលាបែបឈានដល់រាត្រីជ្រាលជ្រេបែបនេះ អាចជះឥទ្ធិពលអាក្រក់ដល់ការរំលាយអាហារ និងជាដើមចមកើតជំងឺទឹកនោមផ្អែម។ ទម្លាប់នេះបើកាន់តែអូសបន្លាយយូរ កាន់តែមានផលប៉ះពាល់ធ្ងន់ធ្ងរ។
វេជ្ជបណ្ឌិត ដន ឡូ មកពីមន្ទីរពិសោធវេជ្ជសាស្រ្ដទទួលទានអាហារ និងដំណេកប្រចាំថ្ងៃ (UCLA) បាននិយាយថា៖ «យើងបានផ្ដល់ភ័ស្ដុតាងដំបូងថា ការទទួលទានអាហារខុសពេលវេលាជាទម្លាប់ធ្វើឲ្យចុះខ្សោយនៃបញ្ហាការសិក្សា និងសមត្ថភាពចងចាំ»។
លោកបានពន្យល់បន្ថែមថា៖ «ដោយសារតែមនុស្សជាច្រើនត្រូវធ្វើការងារ និងដើរលេងនៅពេលយប់ជ្រៅអំឡុងពេលអ្នកដទៃកំពុងតែលង់លក់ស្រួល ពួកគេគួរតែដឹងថា ទង្វើនេះអាចធ្វើឲ្យស្ពឹកដល់មុខងារខួរក្បាលមួយចំនួន»៕
ប្រភព៖ www.postkhmer.com