មនុស្សទូទៅតែងឲ្យតម្លៃទៅលើសក់ក្រាស់ជាផ្នែកមួយនៃរូបសម្បត្តិ ហើយការបាត់បង់សក់គឺជាកង្វល់ដ៏ធំមួយ ចំពោះបុរសស្ត្រី។ ដូច្នេះអ្នកគួរតែស្វែងយល់ពីវីតាមីនមួយចំនួនដែលអាចរួមចំណែកការពារ និងព្យាបាលការជ្រុះសក់នេះបាន។
វីតាមីន C គឺជាប្រភេទវីតាមីនដែលរលាយក្នុងទឹក បានន័យថាជាប្រភេទម្យ៉ាងដែលខ្លួនយើងមិនអាចរក្សាទុកវាឡើយ។ ប្រភេទវីតាមីន C ផ្តល់នូវសារប្រយោជន៍យ៉ាងច្រើនដល់ខ្លួនប្រាណរបស់យើង ដែលក្នុងនោះគុណប្រយោជន៍មួយសំខាន់របស់វាជួយឲ្យខ្លួនយើងអាចព្យាបាល និងការពារការជ្រុះសក់។
វិធីសាស្ត្រដ៏សំខាន់នៃការប្រើប្រាស់នៃប្រភេទវីតាមីន C សម្រាប់បំបាត់ការជ្រុះសក់របស់យើងគឺធ្វើយ៉ាងណាឲ្យមានតុល្យភាពនៅក្នុងចំណីអាហារជាពិសេសត្រូវបរិភោគនូវចំណីអាហារទាំងឡាយណាដែលសម្បូរទៅដោយប្រភេទវីតាមីន C។
វីតាមីន C គឺមានលក្ខណៈចាំបាច់សម្រាប់រូបរាងកាយក្នុងការបង្កើតឡើងវិញ និងជួសជុលកោសិកាចាស់។ វាក៏ដើរតួនាទីយ៉ាងសំខាន់ដែរនៅក្នុងការព្យាបាលរបួស ឬក៏បណ្តុះកោសិកាឡើងវិញផងដែរ។
តួនាទីសំខាន់របស់វាគឺជួយបង្កើតឡើងនូវធ្មេញ និងជួយបណ្តុះកោសិកាឆ្អឹង។ វាដើរតួនាទីសំខាន់នៅក្នុងការជួយជំរុញឲ្យមានការបង្កើតឡើងនៅកូឡាហ្សែននៅលើស្បែក ឆ្អឹង សរសៃពួរ សរសៃឈាមនិងសរសៃសាច់ដុំ។
ដើម្បីថែរក្សាសក់ ស្ត្រីគួរតែទទួលទានអាហារមានផ្ទុកវីតាមីន C។
ដើម្បីថែរក្សាសក់ ស្ត្រីគួរតែទទួលទានអាហារមានផ្ទុកវីតាមីន C។
ក្រៅពីនេះវីតាមីន C គឺជាប្រភេទអង់ទីអុកស៊ីដង់ដែលដូចជាមួយនឹងវីតាមីន E និងសារធាតុស័ង្កសីអ៊ីចឹងដែរ។ វាដើរតួនាទីសំខាន់ក្នុងការបន្ថយនូវការបំផ្លាញកោសិការបស់យើងដោយរ៉ាឌីកាល់សេរីដែលកើតជាទូទៅដោយសារតែប្រតិកម្មនៅក្នុងរាងកាយ ឬក៏កត្តាដែលបណ្តាលមកពីចំណីអាហារ ឬក៏បរិយាកាសជុំវិញខ្លួនជាដើម។ គួរចាំថាប្រភេទរ៉ាឌីកាល់សេរីគឺបង្កើតឡើងក្រោយពេលដែលខ្លួនប្រាណរបស់យើងបំផ្លាញចំណីអាហារនិងបង្កើតទៅជាថាមពល។ សារធាតុទាំងនេះអាចធ្វើឲ្យប៉ះពាល់ដល់សរសៃសក់របស់យើងធ្វើឲ្យខូចខាត និងជ្រុះសក់តែម្តង។ ដូច្នេះប្រភេទវីតាមីន C ដើរតួនាទីសំខាន់ក្នុងការការពារសក់របស់យើងប្រឆាំងជាមួយប្រភេទរ៉ាឌីកាល់សេរីទាំងនេះ។
កង្វះនៃការទទួលទានចំណីអាហារដែលមានវីតាមីន C បង្កឲ្យខ្លួនរបស់យើងមានភាពស្ងួត ស្បែករបស់យើងងាយខូច សក់ងាយបែកចុង។
ទោះបីជាការជ្រុះសក់ទាំងស្រុងគឺពុំមែនមានទំនាក់ទំនងផ្ទាល់ជាមួយនឹងកង្វះវីតាមីន C ប៉ុន្តែការខូចខាតសក់ ឬសក់បែកចុងដែលបណ្តាលមកពីកង្វះវីតាមីន C គឺងាយធ្វើឲ្យសក់របស់យើងខូចខាតរហូតដល់ជ្រុះអស់តែម្តង។
វីតាមីន C ត្រូវបានគេរកឃើញនៅក្នុងចំណីអាហារជាច្រើនដូចជាប្រភេទរុក្ខជាតិ ស្វាយ ផ្លែស្ត្រប៊ឺរី ម្រេចខ្ចី ផ្ទីរ ប៉េងប៉ោះ ល្ហុង ក្រូច ម្នាស់ និងឪឡឹកជាដើម។
នៅសហរដ្ឋអាមេរិក អ្នកជំនាញបានណែនាំឲ្យទទួលទាននូវប្រភេទផ្លែឈើពី ៥ទៅ៩មុខរាល់ថ្ងៃដើម្បីឲ្យខ្លួនរបស់យើងទទួលបានគ្រប់គ្រាន់នូវប្រភេទវីតាមីន និងប្រភេទរ៉ែកម្រដទៃទៀត។
ក្នុងករណីដែលយើងពុំបានទទួលទានគ្រប់គ្រាន់នូវប្រភេទវីតាមីន C តាមរយៈចំណីអាហាររបស់យើងដោយសារជំងឺឬដោយមូលហេតុផ្សេងៗនោះអ្នកត្រូវតែប្រើប្រាស់នូវប្រភេទវីតាមីន C ជាថ្នាំគ្រាប់។ កម្រិតនៃការប្រើប្រាស់គឺត្រូវស្ថិតក្នុងបរិមាណប្រមាណ៩៥មិល្លីក្រាម ចំពោះបុរស និង៧៥មិល្លីក្រាមចំពោះស្ត្រី។ ប៉ុន្តែក្នុងករណីដែលយើងជាអ្នកជក់បារី អ្នកបំបៅដោះកូនឬក៏មានទម្ងន់ចាំបាច់ណាស់ដែលត្រូវញុំាប្រភេទវីតាមីន C ៣០មិល្លីក្រាមបន្ថែមទៀត។
ប្រភព៖ www.postkhmer.com