
ក្រុងម៉ៃអាមីៈ មនុស្សដែលនិយមទទួលទានអាហារបំពង និងភេសជ្ជៈមានជាតិស្ករច្រើន មានអត្រា ៥៦ ភាគរយប្រឈមនឹងជំងឺបេះដូងជាងអ្នកទទួលទានសុខភាព។
នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវអាមេរិកបានបង្ហើបឲ្យដឹងកាលពីថ្ងៃចន្ទកន្លងមក។បើតាមព្រឹត្តិបត្រ Circulation AHA ឲ្យដឹងថា ការសិក្សាស្រាវជ្រាវនេះចំណាយពេល ៦ ឆ្នាំលើមនុស្ស ១៧០០០ នាក់នៅសហរដ្ឋអាមេរិក។
ក្រុមអ្នកស្រាវជ្រាវរកឃើញថា អ្នកដែលចូលចិត្តទទួលទានអាហាររបស់អ្នកភូមិភាគខាងត្បូង រួមមាន ម្ហូបអាហារបំពង ស៊ុត សាច់កែច្នៃ ដូចជា សាច់ជ្រូកបីជាន់ សាច់ភ្លៅជ្រូក និងភេសជ្ជៈមានជាតិស្ករនោះ ពួកគេប្រឈមនឹងការកើតជំងឺគាំងបេះដូង ឬជំងឺពាក់ព័ន្ធនឹងបេះដូងដែលអាចបាត់បង់ជីវិតក្នុងពេល ៦ ឆ្នាំទៅមុខទៀត។
ចេមស៍ ស៊ីកានី ប្រធានក្រុមស្រាវជ្រាវឯកទេសរោគរាតត្បាតនៃសាកលវិទ្យាល័យអាឡាបាម៉ាផ្នែកថ្នាំបង្ការនៅឯទីក្រុងប៊ឺរមីងហេម ឲ្យដឹងថា៖ «មិនថាភេទស្រី ឬប្រុស ជាតិសាសន៍ណា ឬរស់នៅទីណាទេ បើទទួលទានអាហារប្រភេទនៅភូមិភាគខាងត្បូង លោកអ្នកគួរតែស្វែងយល់ពីគ្រោះថ្នាក់ដែលប្រឈមនឹងជំងឺបេះដូង ហើយគួរតែព្យាយាមផ្លាស់ប្តូរទម្លាប់ទទួលទានអាហារទាំងនោះឡើងវិញ»។
ចេមស៍ ស៊ីកានី បានបន្ថែមថា៖ «ព្យាយាមកាត់បន្ថយនូវអាហារបំពងទាំងឡាយ ឬក៏សាច់កែច្នៃនានាពីរាល់ថ្ងៃមកត្រឹមបីថ្ងៃក្នុងមួយសប្តាហ៍វិញ ដោយចាប់ផ្តើមទទួលទានម្ហូបអាហារប្រភេទមាន់អាំង ឬក៏មាន់ដុត ឬទទួលទាន់បន្លែឲ្យបានច្រើន»៕