ក្រុងឡុងដ៍: ការពិសោធដែលធ្វើឡើងជាមួយសាស្ដ្រាចារ្យ អៀន ឆាបផល នៅមហាវិទ្យាល័យទន្ដវិទ្យានៃសាកលវិទ្យាល័យប៊ឺមីងហេម បង្ហាញថា គ្រាន់តែអត់ដុសធ្មេញរយៈពេលតែ ២ សប្ដាហ៍ ពិតជាធ្វើឲ្យអន្ដរាយដល់ប្រព័ន្ធផ្សាំងជំងឺយ៉ាងខ្លាំង។
ការធ្វើតេស្ដនៅមន្ទីរពិសោធដោយប្រើកោសិកាឈាមស ទៅលើប្រព័ន្ធផ្សាំងជំងឺរបស់ទាហាន បង្ហាញថា ប្រព័ន្ធផ្សាំងពួកគេកាន់តែចុះខ្សោយដែលងាយរងជំងឺឆ្លង នៅពេលពួកគេត្រូវបានណែនាំឲ្យឈប់ដុសធ្មេញ។
លទ្ធផលនេះបានបញ្ជាក់ថា រាងកាយទាំងមូលរងផលប៉ះពាល់ ខណៈក្នុងបរិវេណមាត់ធ្មេញត្រូវវាយប្រហារដោយមេរោគឆ្លង។
ការរកឃើញផ្នែកវិទ្យាសាស្ដ្រនាពេលបច្ចុប្បន្ន បង្ហាញថា បើមាត់ធ្មេញរបស់អ្នករលាកធ្ងន់ធ្ងរ វានឹងប៉ះពាល់លើសុខភាពនៃសព៌ាង្គកាយផ្សេងៗទៀត និងអាយុជីវិតរបស់អ្នកយ៉ាងខ្លាំងផងដែរ។
វាពិតជាពាក់ព័ន្ធនឹងការអភិវឌ្ឍនៃជំងឺមួយចំនួន ដូចជា បេះដូង ទឹកនោមផ្អែមប្រភេទ ២ ប្រព័ន្ធសរសៃប្រាសាទ សាច់សរសៃឈាម និងមហារីក។
សាស្ដ្រាចារ្យ ឆាបផល បានអះអាងថា ការរលាកបែបនេះអាចជាសះស្បើយវិញ បើអ្នកទុកវាតែប៉ុន្មានសប្ដាហ៍។ ប៉ុន្ដែបើអ្នកបណ្ដោយឲ្យជំងឺអញ្ចាញធ្មេញបន្ដរាតត្បាតរយៈពេលយូរ វាប្រាកដជាកាន់តែរ៉ាំរ៉ៃ ពិបាកស្រោចស្រង់។
ជំងឺអញ្ចាញធ្មេញមិនត្រឹមតែប៉ះពាល់មាត់ធ្មេញរបស់អ្នកទេ ប៉ុន្ដែវាអាចធ្វើឲ្យអ្នកអាយុខ្លី។ ដូច្នេះ ការថែទាំមាត់ធ្មេញជាការថែទាំសុខភាពដ៏ចាំបាច់ដែលអ្នកត្រូវតែធ្វើ៕
ប្រភព៖ www.postkhmer.com