Social Icons

Featured Posts

ពន្លឺ​ព្រះអាទិត្យ​អាច​ជួយ​កាត់បន្ថយ​អត្រា​សម្ពាធ​ឈាម

ក្រុងប៉ារីសៈ បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ព្រឹត្តិបត្រ​សារព័ត៌មាន​សុខភាព​ពិសេស មួយ​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹង​ថា ពន្លឺ​ព្រះអាទិត្យ​មាន​គុណប្រយោជន៍​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ លើសឈាម ឬ​ឡើង​សម្ពាធ​ឈាម​បាន ខណៈ​ជំងឺ​នេះ​ជា​ដើមចម​ដ៏​គ្រោះថ្នាក់​នាំឲ្យ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។

លោក ម៉ាទីន ហ្វីលីសច៍ សាស្រ្តាចារ្យ​ផ្នែក​ឱសថសាស្រ្ត​នៃ​សាកលវិទ្យាល័យ​សោតហេមតុន ប្រទេស​អង់គ្លេស​បាន​រក​ឃើញ​កម្រិត​ប្រែប្រួល​របស់​ពន្លឺ​ព្រះអាទិត្យ ដោយសារ​វត្តមាន​នៃ​សារធាតុ​គីមី​នីទ្រិចអុកស៊ីត ឬ អាសូត​អុកស៊ីត​(​NO) នៅលើ​ស្បែក​មនុស្ស។ សារធាតុ​គីមី​នេះ​វា​បាន​ពង្រីក​ខ្លួន​តាម​សរសៃ​ឈាម​មនុស្ស ហើយ​មាន​មុខងារ​សំខាន់​មួយ​ធ្វើឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ​បាន។

អ្នក​ជំងឺ​លើសឈាម​ច្រើន​ប្រឈម​នឹង​គ្រោះថ្នាក់​នៅ​រដូវរងា ជាពិសេស​គឺ​ប្រជាជន​ទាំងឡាយ​ណា​ដែល​មិន​សូវ​ប៉ះ​ពន្លឺ​ព្រះអាទិត្យ។

លោក ម៉ាទីន ហ្វីលីសច៍ បន្ថែម​ថា៖ «មនុស្ស​ជាច្រើន​ខ្លាច​ខូច​ស្បែក​ពេល​ត្រូវ​ពន្លឺ​ព្រះអាទិត្យ តែ​តាមពិត​ការ​មិន​ឲ្យ​ស្បែក​ត្រូវ​កាំរស្មី​ថ្ងៃ​នោះ វា​បង្កើន​គ្រោះថ្នាក់​ខ្លាំង​ដល់​ជំងឺ​សរសៃឈាម​នានា​ទៅវិញ​ទេ»៕

ប្រភព៖ www.postkhmer.com

ការ​ប្រើ​ទឹក​ថ្នាំ​ខ្ពុរមាត់​បង្កើន​អត្រា​ស្ទះ​សរសៃឈាម

ក្រុងឡុងដ៍ : ការ​ប្រើ​ទឹក​ខ្ពុរមាត់​អាច​បង្កើន​គ្រោះថ្នាក់​ដល់​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល។ នេះ​បើ​យោង​តាម​ការ​ចេញ​សេចក្តី​ព្រមាន​មួយ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ ផ្នែក​សុខភាព​។ ទឹកថ្នាំ​ខ្ពុរមាត់​នោះ​វា​បាន​ជួយ​លាង​សម្អាត​មេរោគ ឬ​បាក់តេរី​មួយ​ចំនួន​ដែល​ជា​ពពួក​បាក់តេរី​សម្រួល​ដល់​សរសៃឈាម និង​ចលនា​សម្ពាធឈាម​។

លោកស្រី សាស្រ្តាចារ្យ អាម្រឹតា​អាលូវ៉ាលៀ ដែល​ដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​បាន​អះអាង​ថា មូលហេតុ​នៃ​ការ​ឡើង​សម្ពាធ​ឈាម​នេះ​ក៏​ព្រោះ​មកពី​ការ​ប្រើ​ទឹកថ្នាំ ខ្ពុរមាត់​ធ្វើឲ្យ​អសកម្ម​ដល់​មេរោគ​សម្រួល​សរសៃឈាម​។

លោកស្រី​បន្ត​ថា៖ «ការ​ប្រើ​ទឹកថ្នាំ​ខ្ពុរមាត់​រាល់​ថ្ងៃ​នឹង​ប្រឈម​នឹង​ជំងឺ​ឡើង​សម្ពាធ​ឈាម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជា​មិន​ខាន»។

លោកស្រី សាស្រ្តាចារ្យ​ដែល​មកពី​សាកលវិទ្យាល័យ​គ្វីនម៉ារីន នៅ​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​បាន​បន្ថែម​ថា៖ «យើង​មិន​ឲ្យ​អ្នក​ដែល​មាន​ជំងឺ​បាក់តេរី​នៅ​អញ្ចាញ និង​ធ្មេញ​ថា​ត្រូវ​តែ​ឈប់​ប្រើ​ថ្នាំ​ខ្ពុរមាត់​សម្លាប់​មេរោគ​នោះ​ឡើយ​។ តែ​យើង​គ្រាន់​សួរ​ថា ចុះ​ហេតុអ្វី​បាន​ជា​មនុស្ស​មាន​សុខភាព​មាត់ធ្មេញ​ល្អ​ធម្មតា​ចាំបាច់ ត្រូវ​ខ្ពុរមាត់​នឹង​ទឹក​ថ្នាំ​នោះ​ដែរ?»៕

ប្រភព៖ www.postkhmer.com

គុណប្រយោជន៍​វីតាមីន ​C ​ព្យាបាល​ការពារ​ជ្រុះ​សក់

មនុស្ស​ទូទៅ​តែង​ឲ្យ​តម្លៃ​ទៅលើ​សក់​ក្រាស់​ជា​ផ្នែក​មួយ​នៃ​រូបសម្បត្តិ ហើយ​ការ​បាត់បង់​សក់​គឺជា​កង្វល់​ដ៏ធំ​មួយ ចំពោះ​បុរស​ស្ត្រី។ ដូច្នេះ​អ្នក​គួរ​តែ​ស្វែងយល់​ពី​វីតាមីន​មួយ​ចំនួន​ដែល​អាច​រួមចំណែក​ការពារ និង​ព្យាបាល​ការ​ជ្រុះ​សក់​នេះ​បាន។

វីតាមីន C គឺជា​ប្រភេទ​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក បាន​ន័យ​ថា​ជា​ប្រភេទ​ម្យ៉ាង​ដែល​ខ្លួន​យើង​មិន​អាច​រក្សាទុក​វា​ឡើយ។ ប្រភេទ​វីតាមីន C ផ្តល់​នូវ​សារប្រយោជន៍​យ៉ាងច្រើន​ដល់​ខ្លួនប្រាណ​របស់​យើង ដែល​ក្នុង​នោះ​គុណប្រយោជន៍​មួយ​សំខាន់​របស់​វា​ជួយឲ្យ​ខ្លួន​យើង​អាច​ព្យាបាល និង​ការពារ​ការ​ជ្រុះ​សក់។

វិធីសាស្ត្រ​ដ៏សំខាន់​នៃ​ការ​ប្រើប្រាស់​នៃ​ប្រភេទ​វីតាមីន C សម្រាប់​បំបាត់​ការ​ជ្រុះ​សក់​របស់​យើង​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​តុល្យភាព​នៅក្នុង​ចំណី​អាហារ​ជាពិសេស​ត្រូវ​បរិភោគ​នូវ​ចំណីអាហារ​ទាំងឡាយ​ណា​ដែល​សម្បូរ​ទៅ​ដោយ​ប្រភេទ​វីតាមីន C។

វីតាមីន C គឺ​មាន​លក្ខណៈ​ចាំបាច់​សម្រាប់​រូបរាងកាយ​ក្នុង​ការ​បង្កើត​ឡើង​វិញ និង​ជួសជុល​កោសិកា​ចាស់។ វា​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ដែរ​នៅក្នុង​ការ​ព្យាបាល​របួស ឬ​ក៏​បណ្តុះ​កោសិកា​ឡើង​វិញ​ផង​ដែរ។

តួនាទី​សំខាន់​របស់​វា​គឺ​ជួយ​បង្កើតឡើង​នូវ​ធ្មេញ និង​ជួយ​បណ្តុះ​កោសិកា​ឆ្អឹង។ វា​ដើរ​តួនាទី​សំខាន់​នៅក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ឡើង​នៅ​កូឡាហ្សែន​នៅលើ​ស្បែក ឆ្អឹង សរសៃពួរ សរសៃឈាម​និង​សរសៃ​សាច់ដុំ។
ដើម្បី​ថែរក្សា​សក់ ស្ត្រី​គួរ​តែ​ទទួលទាន​អាហារ​មាន​ផ្ទុក​វីតាមីន C។
ដើម្បី​ថែរក្សា​សក់ ស្ត្រី​គួរ​តែ​ទទួលទាន​អាហារ​មាន​ផ្ទុក​វីតាមីន C។

ក្រៅពី​នេះ​វីតាមីន C គឺជា​ប្រភេទ​អង់ទីអុកស៊ីដង់​ដែល​ដូច​ជាមួយ​នឹង​វីតាមីន E និង​សារធាតុ​ស័ង្កសី​អ៊ីចឹង​ដែរ។ វា​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​បន្ថយ​នូវ​ការ​បំផ្លាញ​កោសិកា​របស់​យើង​ដោយ​រ៉ាឌីកាល់​សេរី​ដែល​កើត​ជាទូទៅ​ដោយសារ​តែ​ប្រតិកម្ម​នៅក្នុង​រាងកាយ ឬ​ក៏​កត្តា​ដែល​បណ្តាល​មកពី​ចំណី​អាហារ ឬ​ក៏​បរិយាកាស​ជុំវិញ​ខ្លួន​ជាដើម​។ គួរ​ចាំ​ថា​ប្រភេទ​រ៉ាឌីកាល់​សេរី​គឺ​បង្កើតឡើង​ក្រោយ​ពេល​ដែល​ខ្លួនប្រាណ​របស់​យើង​បំផ្លាញ​ចំណីអាហារ​និង​បង្កើត​ទៅ​ជា​ថាមពល។ សារធាតុ​ទាំងនេះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សរសៃ​សក់​របស់​យើង​ធ្វើឲ្យ​ខូចខាត និង​ជ្រុះ​សក់​តែ​ម្តង។ ដូច្នេះ​ប្រភេទ​វីតាមីន C ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ការពារ​សក់​របស់​យើង​ប្រឆាំង​ជាមួយ​ប្រភេទ​រ៉ាឌីកាល់​សេរី​ទាំងនេះ។
កង្វះ​នៃ​ការ​ទទួលទាន​ចំណី​អាហារ​ដែល​មាន​វីតាមីន C បង្ក​ឲ្យ​ខ្លួន​របស់​យើង​មាន​ភាព​ស្ងួត ស្បែក​របស់​យើង​ងាយ​ខូច សក់​ងាយ​បែក​ចុង។

ទោះបី​ជា​ការ​ជ្រុះ​សក់​ទាំង​ស្រុង​គឺ​ពុំមែន​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​នឹង​កង្វះ​វីតាមីន C ប៉ុន្តែ​ការ​ខូចខាត​សក់ ឬ​សក់​បែក​ចុង​ដែល​បណ្តាលមក​ពី​កង្វះ​វីតាមីន C គឺ​ងាយ​ធ្វើឲ្យ​សក់​របស់​យើង​ខូចខាត​រហូត​ដល់​ជ្រុះ​អស់​តែ​ម្តង។

វីតាមីន C ត្រូវ​បាន​គេ​រក​ឃើញ​នៅក្នុង​ចំណីអាហារ​ជាច្រើន​ដូចជា​ប្រភេទ​រុក្ខជាតិ ស្វាយ ផ្លែ​ស្ត្រប៊ឺរី ម្រេចខ្ចី ផ្ទីរ ប៉េងប៉ោះ ល្ហុង ក្រូច ម្នាស់ និង​ឪឡឹក​ជាដើម។

នៅ​សហរដ្ឋអាមេរិក អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​ទទួលទាន​នូវ​ប្រភេទ​ផ្លែឈើ​ពី ៥​ទៅ​៩​មុខ​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ខ្លួន​របស់​យើង​ទទួល​បាន​គ្រប់គ្រាន់​នូវ​ប្រភេទ​វីតាមីន និង​ប្រភេទ​រ៉ែ​កម្រ​ដទៃ​ទៀត។

ក្នុង​ករណី​ដែល​យើង​ពុំ​បាន​ទទួលទាន​គ្រប់គ្រាន់​នូវ​ប្រភេទ​វីតាមីន C តាមរយៈ​ចំណី​អាហារ​របស់​យើង​ដោយសារ​ជំងឺ​ឬ​ដោយ​មូលហេតុ​ផ្សេងៗ​នោះ​អ្នក​ត្រូវ​តែ​ប្រើប្រាស់​នូវ​ប្រភេទ​វីតាមីន C ជា​ថ្នាំ​គ្រាប់។ កម្រិត​នៃ​ការ​ប្រើប្រាស់​គឺ​ត្រូវ​ស្ថិត​ក្នុង​បរិមាណ​ប្រមាណ​៩៥​មិល្លីក្រាម ចំពោះ​បុរស និង​៧៥​មិល្លីក្រាម​ចំពោះ​ស្ត្រី។ ប៉ុន្តែ​ក្នុង​ករណី​ដែល​យើង​ជា​អ្នក​ជក់បារី អ្នក​បំបៅ​ដោះ​កូន​ឬ​ក៏​មាន​ទម្ងន់​ចាំបាច់​ណាស់​ដែល​ត្រូវ​ញុំា​ប្រភេទ​វីតាមីន C ៣០​មិល្លីក្រាម​បន្ថែម​ទៀត។

ប្រភព៖ www.postkhmer.com

ការ​លាងដៃ​៣០​វិនាទី​រាល់​៤​ម៉ោង​ម្ដង​ជួយ​ការពារ​សុខភាព



ក្រុងឡុងដ៍ៈ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា​ដៃ​ទាំង​គូ​របស់​មនុស្ស​មាន​មេរោគ​ច្រើន​ជាង​វត្ថុ​ប្រើប្រាស់​សាធារណៈ​ទៅ​ទៀត។

មនុស្ស​ម្នាក់ៗ​ជា​មធ្យម​តែង​មាន​បណ្តុំ​បាក់តេរី​ប្រមាណ​១០​លាន​តោង​នៅលើ​ដៃ​ទាំង​គូ​របស់​ខ្លួន ហើយ​បាក់តេរី​ទាំងនោះ​អាច​ឆ្លង​ពេល​ដៃ​របស់​យើង​ប៉ះ​នឹង​មាត់ ភ្នែក និង​ច្រមុះ​ធ្វើឲ្យ​ងាយ​កើត​មាន​ជំងឺ​ផ្សេងៗ​។

ការ​ស្រាវជ្រាវ​ក៏​កត់សម្គាល់​ផង​ដែរ​ថា ក្នុង​ពិភពលោក​មាន​មនុស្ស​១២​ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​ទម្លាប់​លាង​សម្អាត​ដៃ​មុន​ញ៉ាំ​អាហារ​។

យោងតាម​អង្គការ​សុខភាព​ពិភពលោក ការ​លាងដៃ​អាច​ការពារ​ជីវិត​មនុស្ស​១​លាន​នាក់​ក្នុង​ពិភពលោក​ជា​រៀងរាល់​ឆ្នាំ​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដោយ​ជំងឺ​អាសន្នរោគ រាករូស និង​ជំងឺ​ឆ្លង​តាម​ប្រព័ន្ធ​ដង្ហើម​។

ក្រុម​អ្នក​ជំនាញ​ខាង​សុខភាព​បាន​ផ្តល់​អនុសាសន៍​ឲ្យ​លាង​ដៃ​នឹង​សាប៊ូ​ដោយ​ធ្វើ​ចលនា​ត្រដុស​ឲ្យ​បាន​យ៉ាង​ហោច​៣០​វិនាទី សឹម​លាង​ជម្រះ​នឹង​ទឹកស្អាត​។ ការ​លាង​គួរ​ធ្វើ​ឡើង​ជា​រៀងរាល់​៤​ម៉ោង​ម្ដង។ ទោះ​យ៉ាង​ណា មនុស្ស​ជាច្រើន​ប្រើ​ពេល​លាង​ដៃ​មិន​ដល់​១៥ វិនាទី​ផង៕

ប្រភព៖ www.postkhmer.com

ប្ដូរ​ខ្នើយ​រៀងរាល់​៦​ខែ​ម្ដង​អាច​ជួយ​កាត់បន្ថយ​ការ​កើត​មុន និង​អាលាក់ហ្ស៊ី​ស្បែក

ក្រុងឡុងដ៍: យើង​ទាំងអស់​គ្នា​ទំនង​ជា​មិន​ដាច់​ចិត្ត​បោះ​ចោល​ខ្នើយ​កើយ​សំណព្វ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​បាន​លើក​ឡើង​ថា ការ​ប្ដូរ​ខ្នើយ​កើយ​ជា​រៀងរាល់​៦​ខែ​ម្ដង​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ដំណេក​ស្កប់ស្កល់​នោះ​ទេ ថែម​ទាំង​ធ្វើឲ្យ​សុខភាព​រាងកាយ​ប្រសើរ​ឡើង​ទៀត​ផង។

ការ​សិក្សា​បាន​សង្កត់​ធ្ងន់​ថា មនុស្ស​រាប់​លាន​នាក់​ក្នុង​ពិភពលោក​បាន​កើត​ជំងឺ​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​តែ​ពួកគេ​មិន​បាន​ចាប់​អារម្មណ៍​ពី​កត្តា​អនាម័យ​នៅលើ​គ្រែ​គេង។

ធូលីដី ប្រេង សត្វល្អិត និង​កោសិកា​ងាប់​ដែល​ជាប់​នឹង​ខ្នើយ​ភួយ​អាច​ជា​ដើមចម​នៃ​ជំងឺ​កើត​មុន និង​អាលាក់ហ្ស៊ី​ស្បែក ឬ​ច្រមុះ​ជាដើម។

យោងតាម​ការ​ស្ទាបស្ទង់​មតិ​រាប់​ពាន់​នាក់ មនុស្ស​ប្រមាណ​ជា​៨៥​ភាគ រយ​មិន​បាន​ដឹងថា​ពួកគេ​ត្រូវ​តែ​ប្ដូរខ្នើយ និង​ភួយ​នោះ​ទេ​។

វេជ្ជបណ្ឌិត រ៉ូប៊ើត អ៊ុកមេន មកពី​វិទ្យាស្ថាន​ដំណេក​នៅ​រដ្ឋ​ណ័រស៍​ការ៉ូឡាញណា សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ការ​គេង​នៅលើ​ខ្នើយ​ដែល​កខ្វក់ មាន​ប្រេង ធូលី និង​កោសិកា​ងាប់ ងាយ​នឹង​ធ្វើឲ្យ​មុខ​កើត​មុន។

អ្នក​ជំនាញ រូប​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ខ្នើយ​ចាស់​មិន​ត្រឹម​តែ​ខ្វះ​អនាម័យ​នោះ​ទេ វា​ថែម​ទាំង​មាន​សភាព​រឹង​មិន​អាច​ទ្រទ្រង់​ទម្ងន់​ក្បាល និង​ស្មា​ឲ្យ​បាន​ល្អ​ទៀត​ផង។

ក្រុម​ប្រឹក្សា​ផ្នែក​ដំណេក​បាន​ស្នើ​ឲ្យ​ប្ដូរ​ខ្នើយ​ជា​រៀងរាល់​២​ឆ្នាំ និង​ភួយ​រៀងរាល់​៥​ឆ្នាំ​ម្ដង​ដើម្បី​ផ្ដល់​ផាសុកភាព​នៅពេល​គេង។ ចំពោះ​ប្រភេទ​ខ្នើយ​វិញ អ្នក​ដែល​និយម​គេង​ផ្កាប់ ឬ​ផ្ងារ​គួរ​តែ​ជ្រើសរើស​យក​ខ្នើយ​ណា​ដែល​ស្ដើង រីឯ​អ្នក​ដែល​គេង​ផ្អៀង​គួរ​ទិញ​ខ្នើយ​ទន់​ហើយ​ប៉ោង​ទើប​ល្អ​៕

ប្រភព៖ www.postkhmer.com

បរិភោគ​មីស្រុស​២​ដង​ក្នុង​១​សប្ដាហ៍​អាច​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី

ក្រុងវ៉ាស៊ីនតោន: ស្ត្រី​ដែល​ទទួលទាន​មីស្រុស​យ៉ាង​តិច​២​ដង​ក្នុង​មួយ​សប្ដាហ៍​ប្រឈម​នឹង​អត្រា​កើត​ជំងឺ​លើស​សម្ពាធ​ឈាម លើស​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជាតិ​កូឡេស្តេរ៉ូល​ខ្ពស់។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្មីៗ​នេះ។

ការ​សិក្សា​បាន​ពិនិត្យ​លើ​ទិន្នន័យ​មនុស្ស​ពេញវ័យ​ទាំង​ស្រី​ទាំង​ប្រុស​ជនជាតិ​កូរ៉េ​១០៧១១​នាក់​។ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ហាវើត​ដ៏​ល្បីល្បាញ​ក្នុង​ពិភពលោក​មួយ​នេះ​បាន​រកឃើញ​ថា ៦៨​ភាគរយ​នៃ​ស្ត្រី​ដែល​ទទួលទាន​មីស្រុស​លើស​ពី​២​ដង​ក្នុង​មួយ​សប្ដាហ៍​ប្រឈម​នឹង​អត្រា​គ្រោះថ្នាក់​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ។

បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​នេះ​រួម​ចំណែក​ធ្វើឲ្យ​ពួកគេ​កើត​ជំងឺ​បេះដូង ទឹកនោមផ្អែម និង​មាន​ខ្លាញ់​ច្រើន​នៅ​បរិវេណ​ជុំវិញ​ចង្កេះ។ ផលអវិជ្ជមាន​នេះ​កើតឡើង​ចំពោះ​ស្ត្រី​ភាគច្រើន​ជា​ជាង​បុរស។

លោក​សាស្ត្រាចារ្យ ហ្វ្រេង ហ្វូ អ្នកជំនាញ​ផ្នែក​អាហារ និង​សុខភាព​នៅ​សាកលវិទ្យាល័យ​នេះ បាន​បញ្ជាក់​ទៀត​ថា៖ «ការ​ទទួលទាន​មីស្រុស​ម្ដង ឬ​ក៏​២​ដង​ក្នុង​មួយ​ខែ​វា​គ្មាន​បញ្ហា​ទេ តែ​ការ​ញ៉ាំ​វា​ពីរ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ពិតជា​ប៉ះពាល់​ដល់​សុខភាព ជាពិសេស​ស្ត្រី​តែ​ម្ដង»៕

ប្រភព៖ www.postkhmer.com

គេង​ស្រាត​ពេល​រាត្រី​មាន​ប្រយោជន៍​ដល់​សុខភាព



ការសិក្សា​ជា​អន្ដរជាតិ​របស់​មូលនិធិ​ដំណេក​ជាតិ​អាមេរិក បាន​ឲ្យ​ដឹងថា មនុស្ស​ពេញវ័យ​ម្នាក់​ក្នុង​ចំណោម​ ៣​នាក់​មាន​ទម្លាប់​គេងស្រាត ហើយ​ទង្វើ​នេះ​មាន​គុណប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។

ក្រុម​អ្នក​ជំនាញ​សន្និដ្ឋាន​ថា​ដំណេក​ននលគក​អាច​បង្កើន​គុណភាព​ដំណេក​បាន​លក់​ស្កប់ស្កល់ ជួយ​ដុតកាឡូរី និង​ជួយ​ជំរុញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស្អិតល្មួត​ផង​ដែរ​។

គេងស្រាត​ស្មើ​នឹង​ដំណេក​ដ៏លង់លក់​ពេល​រាត្រី

គុណប្រយោជន៍​នៃ​ដំណេក​ស្រាត​គឺ​វា​បាន​ជួយ​បន្ធូរ​ភាពតានតឹង និង​ផ្ដល់​ភាព​ត្រជាក់​ដល់​រាងកាយ ព្រមទាំង​រក្សា​សីតុណ្ហភាព​សមល្មម​សម្រាប់​ខួរក្បាល​។

ការ​រំខាន​ដំណេក​ដោយសារ​តែ​អាកាសធាតុ​ក្ដៅ​ពេក​មិន​ត្រឹមតែ​មាន​ន័យ​ថា លោក​អ្នក​ដេក​បាន​តិច​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អាច​គេង​មិន​ពេញ​ភ្នែក​ទៀត​ផង​។

គេង​ននលគក​ដើម្បី​កម្ចាត់​កាឡូរី​ឥត​បាន​ការ

អ្នក​ដែល​មាន​អារម្មណ៍​ស្អុះស្អាប់​ពេល​រាត្រី និង​ចង់​គេង​ស្រាត អាច​មាន​សារធាតុ​ខ្លាញ់​ពណ៌​ត្នោត​ច្រើន​ដែល​ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​កក់ក្ដៅ​ជាង​អ្នក​ដទៃ​។

ខណៈ​ពេល​ខ្លាញ់​ពណ៌​ត្នោត ដែល​ជា​ពពួក​ខ្លាញ់​ល្អ​ក្នុង​រាងកាយ​នោះ​មាន​កាន់តែ​កើន​ច្រើន ពេល​យើង​ទទួលទាន​អាហារ​មាន​កាឡូរី​លើស​ធម្មតា ខ្លាញ់​ពណ៌​ត្នោត​នោះ​អាច​ដុត​បំផ្លាញ​កាឡូរី​ដែល​លើស និង​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ​ឲ្យ​ប្រក្រតី​ឡើង​វិញ​។ ប៉ុន្ដែ​សីតុណ្ហភាព​ក្នុង​បន្ទប់​ក៏​មិន​គួរ​បន្ថយ​ឲ្យ​ត្រជាក់​ពេក​រហូត​រាងកាយ​មិន​អាច​ទ្រាំ​បាន​ផង​ដែរ មិន​ដូច្នោះ​ទេ​លោក​អ្នក​នឹង​មិន​អាច​គេង​លក់​ឡើយ​។

ជួយ​បន្ទាប​សម្ពាធ​ឈាម

ដៃគូ​រួមគ្រែ​ក៏​អាច​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ​របស់​លោក​អ្នក​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត​ការ​ស្រាត​អាច​ជួយ​ប្រមូល​ផ្ដុំ​អ័រម៉ូន​ម៉្យាង​ឈ្មោះ​ថា​អុកស៊ីតូស៊ីន ជា​អ័រម៉ូន​ដែល​បង្ហាញ​ពី​សុខភាព​មាំមួន​។ អុកស៊ីតូស៊ីន​មាន​ប្រសិទ្ធភាព​ការពារ​បេះដូង និង​បន្ទាប​សម្ពាធ​ឈាម​។ វា​ក៏​ជួយ​ជំរុញ​ប្រព័ន្ធ​ស៊ាំ និង​បន្ថយ​ការ​ថប់​អារម្មណ៍​ផង​ដែរ​។

គុណប្រយោជន៍​នៃ​អ័រម៉ូន​នេះ​ក៏​អាស្រ័យ​លើ​ដៃគូ​ទាំង​សង​ខាង​ពេញចិត្ត​ក្នុង​ការ​គេងស្រាត​សាច់​ប៉ះ​សាច់​ផង​ដែរ​។

ជំរុញ​សេចក្ដី​ស្រឡាញ់​កាន់តែ​ផ្អែមល្ហែម​យូរអង្វែង

អ្នកជំនាញ​ផ្នែក​សិចសាស្ត្រ​បាន​រកឃើញ​ថា អ្នក​ដែល​គេង​អត់​ខោអាវ​មាន​ជីវិត​ផ្អែមល្ហែម​ជាមួយ​ដៃគូ​ជាង​អ្នក​ដែល​ស្លៀកពាក់​ខោអាវ​។ ការ​គេងស្រាត​គឺជា​យុទ្ធសាស្ដ្រ​ដ៏ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ឲ្យ​ដៃគូ​ប៉ះពាល់​ខ្លួន​។

ឈុត​គេង​យប់​អាច​ផ្ដល់​ជា​សារ «​មិនមែន​យប់​នេះ»​។ ផ្ទុយ​ទៅវិញ​ការ​គេង​អាក្រាត​គឺជា​សារ​បើក​ភ្លើង​ខៀវ​ដល់​ដៃគូ​ផ្ដើម​ប្រតិបត្តិការ​។

បញ្ឈប់​ជំងឺ​ឆ្លង

គេង​អត់​ស្លៀកពាក់​អ្វី​សោះ​អាច​ជួយ​ស្ដ្រី​ពី​ការ​ផ្អាប់​ទុក​នូវ​ជំងឺ​ឆ្លង​នានា ដូចជា​បញ្ហា​ស្អុយ​នៅក្នុង​ប្រដាប់ភេទ​ជាដើម​។ មេរោគ​ស្អុយ​ច្រើន​កកើត​នៅ​ទីកន្លែង​ក្ដៅ​ឧណ្ហៗ ពិសេស​តំបន់​កន្លុកកន្លៀត​។ ដូច្នេះ​ការ​ស្លៀកពាក់​រលុង ឬ​ខ្លួន​ទទេ​ស្អាត​គឺជា​ជម្រើស​ដ៏ល្អ​។ បើ​លោក​អ្នក​ស្លៀក​សម្លៀកបំពាក់​ចង្អៀត វា​មាន​ន័យ​ថា បរិវេណ​នោះ​មាន​ខ្យល់​ចេញ​ចូល​តិច​បំផុត​ដែល​ធ្វើឲ្យ​បែកញើស​បង្ក​ឲ្យ​កើត​មេរោគ​បាក់តេរី​នានា។

បើ​លោក​អ្នក​មិន​អាច​គេង​ស្លៀក​ខ្យល់​ដណ្ដប់​មេឃ

អ្នក​ដែល​អៀន​ក្នុង​ការ​គេងស្រាត សូម​ជ្រើសរើស​ឈុត​គេង​រលុង​។ អំបោះ​ធម្មជាតិ ដូចជា រោមចៀម កប្បាស ឬ​សូត្រ​មាន​សំណើម និង​រន្ធ​ខ្យល់​ធ្វើឲ្យ​រាងកាយ​មិន​ក្ដៅហប់ ព្រមទាំង​មាន​អារម្មណ៍​សុខស្រួល​។

គ្រប​ដងខ្លួន ដៃ និង​ជើង​។ ជំនួយ​ភួយសំឡី​ក្រាស់ៗ​មក​ប្រើ​ភួយស្ដើង​ដែល​អាច​បក​មួយ​ស្រទាប់ៗ​ចេញ​នៅពេល​ដែល​អ្នក​មាន​អារម្មណ៍​ក្ដៅ​។

លោក ម៉ៃ ធីបតុន សាស្ដ្រាចារ្យ​ផ្នែក​មនុស្សសាស្ដ្រ និង​សរីរាង្គ​អនុវត្ដ​នៅ​សាកលវិទ្យាល័យ​ផតម៉ោស ណែនាំ​ថា​៖ «ខោអាវ​គេង​គួរ​ប្រើ​ក្រណាត់​ដែល​សម្រួល​ដល់​ចរន្ត​ខ្យល់ និង​សំណើម ទើប​អ្នក​អាច​គេង​បាន​ស្រួល»៕

ប្រភព៖ www.postkhmer.com
 

Sample text

Sample Text

Sample Text

 
Blogger Templates